ឃើញរថយន្តគេលក់ថោក ខំប្រញាប់ទិញឲ្យលុយ១០០០ដុល្លារសិន នៅជំពាក់៣០០០ដុល្លារទៀត ចុងក្រោយត្រូវប៉ូលិសចាប់តាមGPS ទើបដឹងជារថយន្តដែលចោរលួចគេ!
ព័ត៌មាន
9.24K

តាកែវ៖ កម្លាំងនគរបាលស្រុកសំរោង ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីទទួលផលចោរកម្ម លួចរថយន្ដ របស់បងប្អូនប្រជាពលរដ្ឋ ។

ការឃាត់ខ្លួននេះធ្វើឡើងកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិកូនរមា ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ដោយមានការបញ្ជូនពីសំណាក់ លោកឧត្តមសេនីយទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ ផងដែរ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើនេះមានឈ្មោះ ជីម សំនិត ភេទប្រុស អាយុ២៥ឆ្នាំ បានសារភាពថា ខ្លួនបានទិញរថយន្តនេះ ពីឈ្មោះ ហេង ជាអ្នកបកប្រែភាសារចិន រស់នៅខេត្តកំពត ក្នុងតម្លៃ៤០០០ដុល្លារ ដោយឲ្យ១០០០ដុល្លារសិន នៅសល់ចាំឲ្យក្រោយប្រគល់ឯកសារគ្រប់ ។

ចំណែកជនរងគ្រោះឈ្មោះ ម៉ូ សំរីពិសិដ្ឋ ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅខណ្ឌទួលគោក រាជធានីភ្នំពេញ បានបាត់រថយន្តម៉ាកឡិចស៊ីស RX300 ចេញពីខេត្តព្រះសីហនុ ហើយរកឃើញតាមរយ:ប្រពន្ធ GPS។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕