ស្ទាក់បង្ក្រាបរថយន្ត៣គ្រឿង រកឃើញឈើប្រណិតក្នុងរថយន្តជាច្រើនសន្ធឹក!
ព័ត៌មាន
702

ខេត្តពោធិ៍សាត់៖ ​កម្លាំង​កងរាជអាវុធហត្ថស្រុកវាលវែង ដឹកនាំដោយលោកវរសេនីយ៍ត្រី ពុធ ប៊ុនឈឿន មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកវាលវែង សហការជាមួយកម្លាំងចម្រុះស្រុក ដឹកនាំដោយលោក ជួន ភាព ប្រធានស្នាក់ការឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល បានចុះបង្រ្កាបបទល្មើសកាប់ និងដឹកជញ្ជូនផលអនុផលព្រៃឈើ ដែលគ្មានលិខិតអនុញ្ញាត កាលពីវេលាម៉ោង២និង​៣០នាទីរសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្លូវ៥៦ ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

​ក្នុងនោះដកហូតបាន រថយន្តចំនួន​៣គ្រឿង រួមមាន (រថយន្តម៉ាក FUSO ​១គ្រឿង ពណ៌ស លាយខៀវ ពាក់ស្លាកលេខ ស្វាយរៀង 3A-1006 ដឹកឈើចម្រុះចំនួន​២៩០សន្លឹក ស្មើនឹង ១១,៩៥០ម៉ែត្រីគុណ, ​រថយន្តម៉ាកតូរីស ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2AF-3080 និង​រថយន្តម៉ាកតូរីស ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2L-1430 ដឹកឈើសុក្រំចំនួន​៩កំណាត់ ស្មើនឹង ០,៩៦០ម៉ែត្រីគុណ អ្នកបើកបរទាំង៣នាក់ បានរត់គេចខ្លួនបាត់) រួមទាំងម៉ូតូកង់បី​១គ្រឿង ដឹកស្នែងសត្វព្រៃឆ្នៃរួច ​៤ស្នែង និងរថយន្តម៉ាកតូរីសចំនួន​៦គ្រឿង ដឹកឈើកែឆ្នៃ។ ដោយឡែកម្ចាស់រ៉ឺម៉ក និងរថយន្តតូរីស ធ្វើការអប់រំរួច​ឲ្យទៅលំនៅដ្ឋានវិញ។

បច្ចុប្បន្នវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញ ប្រគល់ឲ្យស្នាក់ការឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធី៕