លម្អិត៖ ឆេះទីតាំងប្តូរប្រេងម៉ាស៊ីនម៉ូតូនិងរថយន្ត លាងម៉ូតូ មួយកន្លែងយ៉ាងសន្ធោសន្ធៅនៅម្តុំផ្សារដើមថ្កូវ ប្រើរថយន្តពន្លត់អស់២៥គ្រឿង
ព័ត៌មាន
3.39K

ភ្នំពេញ៖ (ព័ត៌មានបន្ថែម) អគ្គិភ័យមួយបានឆាបឆេះទីតាំងប្តូរប្រេងម៉ាស៊ីនម៉ូតូនិងរថយន្ត លាងម៉ូតូ មួយកន្លែងយ៉ាងសន្ធោសន្ធៅ នៅម្តុំផ្សារដើមថ្កូវ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ រួមទាំងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ផ្អើលពេញរាជធានីភ្នំពេញ ចេញមកជួយអន្តរាគមន៍បាញ់ពន្លត់ ដោយប្រើប្រាស់ទឹកអស់ ២៥គ្រឿងទើបរលត់ទៅវិញជាស្ថាពរ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង ៣និង២០នាទី​រសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ចំណុចទីតាំងប្តូរប្រេងម៉ាស៊ីនម៉ូតូនិងរថយន្ត លាងម៉ូតូយីហោ មិសស្ទើហ្វាយ ស្ថិតនៅតាមបណ្តោយផ្លូវ៤៣០ កែងនឹងផ្លូវលេខ៣៨០ ក្រុមទី០២ ភូមិ១ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងខាងលើនេះមានឈ្មោះ លីណា ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ។ ចំណែកទីតាំងដែលឆាបឆេះនេះ ធ្វើអំពីរោងសង់ពីដែក ប្រក់ស័ង្កសី ទំហំ ៨ម៉ែត្រ គុណ១៤ម៉ែត្រ ត្រូវបានភ្លើងឆេះអស់ទាំងស្រុង រួមទាងសម្ភារៈមួយចំនួនរួមមាន៖ ឆេះម៉ូតូ SUZUKI VIVA ចំនួន០១គ្រឿង, ឆេះម៉ាស៊ីនភ្លើងចំនួន១គ្រឿង, ឆេះម៉ាស៊ីនលាងម៉តូចំនួន ១គ្រឿង, ឆេះប្រេងម៉ាស៊ីស ចំនួន៦កេស, ឆេះធុងកាហ្វេចំនួន១ធុង រួមទាំងសម្ភារ:ប្រើប្រាស់ប្រចាំថ្ងៃអស់ទាំងស្រុង តែពុំបានបណ្តោយឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

មិនតែប៉ុណ្ណោះបើតាមប្រភពច្បាស់ការណ៍ពីសមត្ថកិច្ចបញ្ជាក់ថា ក្នុងនោះក៏មាន របួសមន្រ្តីការិយាល័យពន្លត់អគ្គិភ័យចំនួន២នាក់ ផងដែរ ទី១ឈ្មោះ មាស ជេស្តា ភេទប្រុស អាយុ២៨ឆ្នាំ និងទី២ឈ្មោះ នន់ ញ៉ាញ់ ភេទប្រុស អាយុ៤៣ឆ្នាំ។

ជាក់ស្តែងក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ១៧គ្រឿង ប្រើប្រាស់ទឹកអស់២៥ឡាន ស្មើនឹង១១៧ម៉ែត្រគូប ក្នុងនោះមាន រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន១គ្រឿង បានប្រើប្រាស់ទឹកអស់១ឡាន ស្មើនឹង០៤ម៉ែត្រគូប, រថយន្តក្រសួងមហាផ្ទៃចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន ស្មើនឹង ០៨ម៉ែត្រគូប, រថយន្តក្រុមហ៊ុនOCIC ទីក្រុងកោះពេជ្រចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៣ឡាន ស្មើរនឹង១៨ម៉ែត្រគូប និងរថយន្តក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារចំនួន០៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៣ឡាន ស្មើនឹង២៤ម៉ែត្រគូប និងពន្លត់ចប់នៅម៉ោង ៤ល្ងាចថ្ងៃដដែល៕