ចប់បាត់! Realនិយាយលែងចេញ ក្រោយMan Utd ច្រានចោលការចុះហត្ថលេខាលើGareth Bale

ក្រុម​Manchester United កំពុងដាក់គោលដៅឆ្ពោះទៅមុខ ជាមួយនឹងការដោះប្តូរកីឡាករថ្មីបន្ថែមនៅរដូវក្តៅនេះ ហើយវាហាក់ដូចជា Gareth Bale មិនមែនជាកីឡាករម្នាក់ ដែលពួកគេចង់បាននោះទេ ។

ជាក់ស្តែងកាលពីថ្ងៃពុធកន្លងទៅ ក្លឹប Man United បានធ្វើការប្រកាសជាផ្លូវការពីការចុះហត្ថលេខាលើខ្សែបម្រើស្លាបសញ្ជាតិវេលស៍កីឡាករ Daniel James ពីក្លឹប Swansea ក្នុងតម្លៃខ្លួនចំនួន១៧លានផោន​។

ប៉ុន្តែទោះជាយ៉ាងណា Bale នឹងមិនអាចចូលរួមជាមួយមិត្តរួមជាតិរបស់គេនៅទឹកដី Old Trafford បើទោះជាក្រុម Real Madrid បានប្រឹងប្រែងព្យាយាម លក់កីឡាករវ័យ២៩ឆ្នាំរូបនេះចេញ ជាមួយនឹងលក្ខខណ្ឌល្អៗយ៉ាងណាក្តី​។

មិនតែប៉ុណ្ណោះបើយោងតាមរបាយការណ៍ពី ESPN FC បានឲ្យដឹងថាក្រុម Man Utd បានច្រានចោលឱកាស ដើម្បីបើកការចរចាជាមួយខ្សែប្រយុទ្ធសញ្ជាតិវេលស៍រូបនេះ សម្រាប់ការដោះដូរមួយនៅរដូវក្តៅនេះ ៕

ប្រភព៖​ Daily Mail, cambotrends ​