ស្ត្រីអ្នកលក់អីវ៉ាន់តាមអនឡាញម្នាក់ ខ្យល់គស្លាប់ក្នុងបន្ទប់ជួល (មានវីដេអូ)
ព័ត៌មាន
8.95K

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយប្រទះឃើញសាកសពស្ត្រីអ្នកលក់អីវ៉ាន់តាមអនឡាញម្នាក់ ខ្យល់គដេកស្លាប់នៅក្នុងបន្ទប់ជួលយ៉ាងអាណោចអាធ័ម មិនដឹងថាតាំងពីពេលណានោះទេ ផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកធ្វើការពិនិត្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង ១២ថ្ងៃត្រង់ទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលលេខ០៨ ជាន់ទី២ ភូមិមានជ័យ២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ពន្លក ចិន្តា ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរលក់ខោអាវតាមអនឡាញ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ ។

យោងតាមប្រភពព័ត៌មានពីម្ចាស់ផ្ទះជួលបានឲ្យដឹងថា ស្ត្រីរងគ្រោះជាស្ត្រីមេម៉ាយ មានកូនប្រុស២នាក់ ដោយបានលែងលះជាមួយនឹងប្តីរួចទៅហើយ រាល់ដងស្ត្រីខាងលើតែងតែហូបគ្រឿងស្រវឹងតិចតួចជាប្រចាំ ព្រោះមានបញ្ហាផ្លូវចិត្ត ។ លុះដល់ថ្ងៃកើតហេតុ ដោយសារតែរាល់ដង តែងតែឃើញស្ត្រីរងគ្រោះចេញពីក្នុងបន្ទប់មកខាងក្រៅ តែប្លែកបាត់មិនឃើញចេញមកទាល់តែសោះ ទើបម្ចាស់ផ្ទះឆ្ងល់ក៏ទៅគោះទ្វារហៅ តែមិនបើកសោះ ទើបប្រញាប់ទាក់ទងទៅខាងឪពុករបស់ស្ត្រីរងគ្រោះ រួមទាំងក្រុមគ្រួសារ ដែលស្នាក់នៅភូមិភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ឲ្យមកគាស់ទ្វារមើលជនរងគ្រោះ ស្រាប់តែឃើញស្ត្រីរងគ្រោះដេកស្លាប់នៅក្នុងបន្ទប់បាត់ទៅហើយ មិនដឹងតាំងពីពេលណានោះទេ និងបានរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ទាក់ទងទៅខាងសមត្ថកិច្ចជំនាញកោសល្យវិច័យខណ្ឌមានជ័យ ចុះមកធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យទៅលើសាកសពបានឲ្យដឹងថា ពិតជាស្លាប់ដោយសារតែករណីខ្យល់គ បណ្តាលឲ្យគាំងបេះដូងពិតប្រាកដមែន មិនមែនករណីឃាតកម្មអ្វីនោះទេ និងបានធ្វើកំណត់ហេតុ ប្រគល់សពជនរងគ្រោះឲ្យសាច់ញាតិក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅ​ឯផ្ទះក្នុងខណ្ឌដង្កោ ៕