ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតគ្រឿងញៀនច្រើនកញ្ចប់
ព័ត៌មាន
632

ក្រចេះ៖ កងរាជអាវុធហត្ថស្រុកស្នួលដឹកនាំដោយលោកអនុសេនីយ៍ឯក ម៉ៅ សុផុន និងមានការសម្របសម្រួលនីតិវិធីពី លោក កែវ សុជាតិ ព្រះរាជអាជ្ញាអសាលាដំបូងខេត្តក្រចេះ បានចុះបង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនបានជនសង្ស័យ២នាក់ ដកហូតបានវត្ថុតាងមួយចំនួន។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិបូក ឃុំក្រញួងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។

ជនសង្ស័យទី១ឈ្មោះ ទៀត ម៉ាត់ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ និងទី២ឈ្មោះ ថុល វែ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ។ អ្នកទាំងពីរ រស់នៅភូមិស្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ក្នុងនោះកម្លាំងបានធ្វើការដកហូតបាន ម្សៅក្រាម ពណ៌ស ចំនួន០៤កញ្ចប់, ទូរស័ព្ទ០៣គ្រឿង, ដែកកេះ០២, លុយដុល្លារក្លែងក្លាយ ២០០ដុល្លារ, ប្រាក់រៀល ៩,៦០០រៀល, ប្រាក់ដុល្លារ ០៦ដុល្លារ, កាបូបលុយ ០១, ឧបករណ៍ចូកគ្រឿងញៀន ០១, ជំពាមកៅស៊ូ ០១, ដបទឹកបរិសុទ្ធ ០១, កាំបិតផ្គាក់ ០១, ដាវសាំម៉ូរ៉ៃ១, ម៉ូតូសង់សេ១២៥ ០១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CC-6570 និងសម្ភារៈប្រើប្រាស់សារធាតុញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕