រថយន្តក្រឡុកស៊ីម៉ង់ត៍ បត់ឆ្លងផ្លូវមិនគោរពសិទ្ធិអ្នកមកផ្លូវត្រង់ បុកម៉ូតូសង់របួសធ្ងន់ម្នាក់ ហើយព្យាយាមបើករត់
ព័ត៌មាន
395

ភ្នំពេញ៖ រថយន្តហ៊ីណូ ក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង បើកបត់ឆ្លងផ្លូវមិន គោរពសិទ្ធអ្នកដែលធ្វើដំណើរផ្លូវត្រង់ ជ្រុលទៅបុកម៉ូតូសង់សេ១២៥ បណ្តាលឲ្យយុវជនម្នាក់របួសធ្ងន់ ព្យាយាមបើករត់ ត្រូវបានសមត្ថកិច្ចដេញឃាត់រថយន្តបាន ចំណែកអ្នកបើកបរគេចខ្លួនបាត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៩ ក្នុងភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញរថយន្តក្រឡុកស៊ីម៉ង់ត៍ម៉ាក ហ៊ីណូ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-2549 ធ្វើដំណើរចេញពីក្រុមហ៊ុន បើកឆ្លងកាតផ្លូវថៃហ្គ័រ រួចបត់ឆ្វេង ក៏បុកម៉ូតូបណ្ដាលឲ្យអ្នកជិះម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CJ-8999 ដែលកំពុងជិះផ្លូវត្រង់បណ្តាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ ឌៀង ឡាយ ភេទប្រុស អាយុ ៣០ឆ្នាំ របួសធ្ងន់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យតាខ្មៅ ចំណែករថយន្តបង្កបានព្យាយាមបើករត់ត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅដេញតាមចាប់ រហូតដល់ទឹកដីខណ្ឌដង្កោ តែតៃកុងបានរត់គេចខ្លួនបាត់។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕