មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន បានបង្ក្រាបបទល្មើសធនធានធម្មជាតិ ការបរបាញ់សត្វព្រៃ និងនៅតាមទីកន្លែងលក់ដូរសាច់សត្វព្រៃដោយខុសច្បាប់ ដកហូតដុតកម្ទេចចោល
ព័ត៌មាន
536

នៅល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៩នេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន  ខណៈនៅដើមសបា្តហ៍នេះមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងសាមគ្គីបានឆ្មក់ចុះបង្ក្រាបក្រុមជនល្មើសដែលលួចលក់សាច់សត្វព្រៃ ដោយខុសច្បាប់នៅក្នុងផ្សារស្ទឹងត្រែង។

ការឆ្មក់ចូលបង្ក្រាបបទល្មើសជួញដូរសត្វព្រៃខុសច្បាប់នេះត្រូវបាន ធ្វើឡើងកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០១៩ កន្លងទៅដោយបានរឹបអូសសត្វអាញីចំនួន ៣ ក្បាល ក្រពះកាំប្រម៉ាចំនួន ២ សត្វត្រកួតចំនួនចំនួន ៩គីឡូក្រាម ងៀតប្រើសចំនួន ៤៧ គីឡូក្រាម សាច់ជ្រូកព្រៃចំនួន ៦០គីឡូក្រាម សត្វសំពោជចំនួន ១ ក្បាល និងសាច់កាប្រម៉ាចំនួនជិត ៣ គីឡូក្រាម។ រដ្ឋលេខា ធិការក្រសួងបរិស្ថានរូបនេះបានថ្លែងថានេះគឺជាការបំផ្លិចបំផ្លាញសត្វព្រៃដែលត្រូវប្រឈមមុខច្បាប់។

សូមបញ្ជាក់ថា នៅពេលដែលដឹងថាក្រុមមន្ត្រីឧទ្យានុរក្សចូលបង្ក្រាបបទល្មើស ក្រុមជនល្មើសបានរត់គេចខ្លួនចោលសាច់សត្វព្រៃនៅក្នុងផ្សារស្ទឹងត្រែងនោះ។

ផ្សារស្ទឹងត្រែងសាមគ្គីស្ថិតក្នុងទីរួមខេត្តស្ទឹងត្រែង ត្រូវបានប្រជាពលរដ្ឋស្តីបន្ទោសថាជាកន្លែងដែលក្រុមជនល្មើសតែងតែយកសាច់សត្វព្រៃទៅលក់នៅទីនោះយ៉ាងអនាធិបតេយ្យ ហើយអាជ្ញាធរគ្រប់គ្រងផ្សារនៅទីនោះហាក់ដូចជាធ្វើមិនដឹងមិនឮពីការបំផ្លាញធនធានធម្មជាតិសត្វព្រៃនេះ និងអនុញ្ញាតឱ្យជនល្មើសដាក់លក់ដោយចំហរគ្មានញញើតឡើយ។

ចំពោះបញ្ហានេះ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថាដើម្បីទប់ស្កាត់ឱ្យមានប្រសិទ្ធភាពលើបទល្មើសទាំងនេះ អាជីវករនិងប្រជាពលរដ្ឋដែលបានឃើញជនល្មើសលក់សាច់សត្វព្រៃ សូមរាយការណ៍ជាបន្ទាន់ទៅកាន់មន្ត្រីបរិស្ថានដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា សាច់សត្វព្រៃជាវត្ថុតាងនៃបទល្មើសដែលបានរឹបអូសទាំងអស់ត្រូវបានដុតកម្ទេចចោល ក្រោយពីបានធ្វើរបាយការណ៍រួចរាល់ ហើយកម្លាំងសមត្ថកិច្ចបាននិងកំពុងតាមរកមុខក្រុមជនប្រព្រឹត្តបទល្មើស ដែលគេដឹងថា ជាជនល្មើសដុះស្លែរក្នុងអំពើបទល្មើសលក់សាច់សត្វព្រៃខុសច្បាប់នៅក្នុងផ្សារស្ទឹងត្រែង។

លោកក៏បានឱ្យដឹងផងដែរថាដោយសារតែប្រសិទ្ធភាពនៃការការពារធនធានធម្មជាតិ សត្វព្រៃជាច្រើន ត្រូវបានមើលឃើញថាមានចំនួនកើនឡើងដូចជាប្រភេទសត្វជ្រូកព្រៃ ប្រើស ខ្លាឃ្មុំជាដើម។ 

បច្ចុប្បន្ននេះសត្វ កម្រមួយចំនួនត្រូវបានរកឃើញមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា ៕