សិស្សអនុវិទ្យាល័យឬស្សីកែវម្នាក់ លង់ទឹកស្លាប់ ក្រោយជួបជុំមិត្តភក្តិទិញផ្លែឈើ និងម្ជូរហូបជុំគ្នាមាត់ស្រះ ហើយចុះងូតទឹក..
ព័ត៌មាន
3.45K

ភ្នំពេញ៖  (ព័ត៌មានបន្ថែម) យុវជនម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពីជួបជុំគ្នាជាមួយមិត្តភក្តិ មានគ្នាប្រមាណ៦នាក់ ទិញផ្លែឈើ គ្រឿងម្ជូរ ទៅអង្គុយហូបនៅមាត់ស្រះក្នុងបរិវេណវត្តជាប់សាលា​ អកុសល្យចុះងូតទឹកតែម្នាក់​ឯងលិចបាត់ឈឹង ស្លាប់តែម្តង។

ហេតុការណ៍នេះកើតឡើងនៅម៉ោង២រសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ក្នុងវត្តឧត្តរាវត្តី ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អៀត សំរិទ្ធបញ្ញា អាយុ១៤ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៧ED នៃអនុវិទ្យាល័យឬស្សីកែវ ។

បន្ទាប់ពីកើតហេតុភ្លាមៗប្រជាពលរដ្ឋ សមត្ថកិច្ច រួមទាំងក្រុមគ្រួសារ បាននាំគ្នាចុះរាវស្រង់រកជនរងគ្រោះឡើងមកលើគោកវិញ តែអកុសលមិនអាចជួយបាននោះទេ ។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកោសល្យវិច័យទៅលើសាកសពបានឲ្យដឹងថា ពិតជាលង់ទឹកស្លាប់ពិតប្រាកដមែន និងបានធ្វើកំណត់ហេតុ ប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕