ចាស់ហើយមិនគិតរកវត្តទេ បែរជាបៀតបៀនកេរ្ត៍ភេទទៅលើក្មេងស្រីអាយុ០៥ឆ្នាំ ត្រូវបានយាយជនរងគ្រោះប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន
ព័ត៌មាន
1.6K

ភ្នំពេញ៖ ជនសង្ស័យម្នាក់ មានវ័យ៦០ឆ្នាំទៅហើយ ចាស់ល្មមចូលវត្តរក្សាសីល៍ទាន តែបែរជាធ្វើសកម្មភាពដ៍គម្រក់ចាប់ស្រាតខោក្មេងស្រីរងគ្រោះអាយុ០៥ រួចរុកដៃធ្វើសកម្មភាពបៀតបៀនកេរ្ត៍ភេទ ទៅលើនាងតូច បណ្តាលឲ្យនាងឈឺចាប់ ប្រាប់យាយឲ្យប្តឹងសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្តង។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១០និង១០នាទី ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ នៅភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងឃាត់ខ្លួនបាននៅវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ក្នុងភូមិថ្ម សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ រស់ អូន ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិថ្ម សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ដកហូតបាន កង់ ពណ៌ទឹកប្រាក់ ចំនួន០១គ្រឿង។

ការឃាត់ខ្លួននេះ ធ្វើឡើងតាមពាក្យបណ្តឹងរបស់ឈ្មោះ សុខ ខែម ភេទស្រី អាយុ៦០ឆ្នាំ មុខរបររើសអេតចាយ ត្រូវជាយាយបង្កើតរបស់ក្មេងស្រីរងគ្រោះអាយុ០៥ឆ្នាំ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោ០៩និង៣០នាទី យាយបង្កើតរបស់ក្មេងស្រីរងគ្រោះ និងក្មេងស្រីរងគ្រោះ កំពុងតែនៅផ្ទះ ពេលនោះក៏មានជនសង្ស័យបានជិះកង់០១គ្រឿង ពណ៌ទឹកប្រាក់ មកឈប់នៅខាងមុខផ្ទះ រួចជនសង្ស័យបានដើរចូលទៅអង្គុយនិយាយលេងជាមួយយាយក្មេងស្រីរងគ្រោះនៅលើគ្រែខាងមុខផ្ទះ ព្រោះធ្លាប់ស្គាល់គ្នា ។

រហូតដល់វេលាម៉ោង១០និង១០នាទី ថ្ងៃខែឆ្នាំដែល យាយរបស់ជនរងគ្រោះ បានផ្ញើក្មេងស្រីរងគ្រោះ អោយជនសង្ស័យជួយមើល រួចគាត់បានយករទេះអេតចាយខូចទៅអោយជាងផ្សារដែកជួសជុល នៅខាងមុខផ្សារទួលសំបូរ ស្ថិតនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលយាយជនរងគ្រោះចេញទៅបាត់ ជនសង្ស័យក៏បានចាប់ទាញដៃក្មេងស្រីរងគ្រោះចូលក្នុងផ្ទះ រួចទាញទ្វារផ្ទះបិទ តែមិនបិទអោយជិតទេ ទុកមួយប្រឡោះសម្រាប់មើលទៅក្រៅ ហើយជនសង្ស័យក៏បានចាប់សម្រាតខោជើងវែងរបស់ក្មេងស្រីរងគ្រោះចុះត្រឹមជង្គង់ រួចយក ម្រាមចង្អុលដៃខាងឆ្វេង ធ្វើសកម្មភាពបៀតបៀនកេរ្តិ៍ខ្មាស់ទៅលើក្មេងស្រីរងគ្រោះ រួចស្លៀកខោអោយក្មេងស្រីរងគ្រោះវិញ ហើយជនសង្ស័យបានហុចលុយក្មេងស្រីរងគ្រោះចំនួន ៣០០០រៀល (បីពាន់រៀល) និងបានប្រាប់ក្មេងស្រីរងគ្រោះ កុំអោយនិយាយរឿងហេតុខាងលើប្រាប់អ្នកណាអោយបានដឹងឡើយ។ រួចជនសង្ស័យក៏ជិះកង់ចេញទៅបាត់ ។

បន្ទាប់មកយាយជនរងគ្រោះ ក៏បានត្រឡប់មកផ្ទះ តែក្មេងស្រីរងគ្រោះមិនបានប្រាប់រឿងហេតុខាងលើ អោយបានដឹងទេ រហូតដល់វេលាម៉ោង១០យប់ថ្ងៃខែឆ្នាំដដែល យាយក្មេងស្រីរងគ្រោះ ក៏បាននាំក្មេងស្រីរងគ្រោះទៅងូតទឹក ពេលនោះក្មេងស្រីរងគ្រោះមានការឈឺផ្សារត្រង់ប្រដាប់ភេទ ទើបសួរនាំបានដឹងតែម្តង ។ ប៉ុន្តែយាយជនរងគ្រោះ មិនបានមករាយការណ៍ប្រាប់សមត្ថកិច្ចនិងដាក់ពាក្យបណ្តឹងភ្លាមទេ ដោយសារមានជំងឺប្រចាំកាយ ទើបនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៩និង២០នាទី យាយជនរងគ្រោះក៏បាននាំក្មេងស្រីរងគ្រោះ មករាយការណ៍ជូនសមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលដ្ឋបាលសាក់សំពៅ ហើយនៅវេលាម៉ោង១០និង៣០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចក៏បានចុះទៅឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង កង់ពណ៌ទឹកប្រាក់ចំនួន០១គ្រឿង ត្រង់ចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតនៅភូមិថ្ម សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសាក់សំពៅ តាមនីតិវីធីច្បាប់ ។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគាត់(ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពសម្រាតខោក្មេងស្រីរងគ្រោះចុះត្រឹមជង្គង់ រួចយកម្រាមចង្អុលដៃបៀតបៀនទៅលើក្មេងស្រីរងគ្រោះពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់សាក់សំពៅ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅកាន់តុលាការចាត់ការតាមច្បាប់បន្តទៀត៕