ជិះម៉ូតូឌុបគ្នា៤នាក់ ឆ្លងផ្លូវមិនប្រយត្ន័ត្រូវរថយន្តFord បុកពេញទំហឹង ស្លាប់ម្នាក់ របួសធ្ងន់៣នាក់..
ព័ត៌មាន
597

កំពង់ធំ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាកFord បានបុកជាមួយម៉ូតូសង់សេ១២៥ ពេញទំហឹង ដែលឆ្លងផ្លូវខ្វះការប្រុងប្រយត្ន័ បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ និងមនុស្សប្រុសស្រី៣នាក់ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្លូវលំក្រាលគ្រួសក្រហម ភូមិត្រពាំងត្រុំ ឃុំទីពោធិ៍ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូម៉ាកហុងដាឌ្រឹមC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1I-9283 បើកបរឆ្លងកាត់ផ្លូវពីជើងទៅត្បូង ដោយឈ្មោះ យ៉ាន់ ចាន់ទ្រា ភេទប្រុស អាយុ៣១ឆ្នាំ របួសធ្ងន់ ឌុបឈ្មោះ អុង ថៃ ភេទប្រុស អាយុ ៦២ឆ្នាំ របួសធ្ងន់, ឈ្មោះ ផាប់ ថុង ភេទប្រុស អាយុ ៦១ឆ្នាំ ភេទស្រី របួសធ្ងន់ និងឈ្មោះ ថៃ ស្រី ភេទស្រី អាយុ៨ឆ្នាំ មុខរបរសិស្ស ជាកូនអ្នកបើកបរម៉ូតូ (ស្លាប់នៅកន្លែងកើតហេតុ) ដោយសារតែឆ្លងម៉ូតូខ្វះការប្រុងប្រយត្ន័ ហើយត្រូវបានរថយន្តម៉ាកFord ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AI-1309 បុកពេញទំហឹងរួចប្រញាប់បើករត់គេចមកចតចោលនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការពិនិត្យវាស់វែងដល់កន្លែងកើតហេតុ និងបានយករថយន្តរួមទាំងម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕