ហ៊ានណាស់! កូនជាង ធ្វើស៊ីមេជាងកាត់សក់ម្នាក់ យកម៉ូតូទៅលក់បានប្រាក់ ១,០០០ដុល្លារ ចាយខ្ទេច
ព័ត៌មាន
947

បន្ទាយមានជ័យ៖ សមត្ថកិច្ច ចុះប្រតិបត្តិការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង ១និង១៤នាទីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្សារដើមពុទ្រា ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងក្រុងប៉ោយប៉ែត ករណីរំលោភលើទំនុកចិត្ត ដែលប្រព្រឹត្តកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩។

ជនរងគ្រោះឈ្មោះ លឹម ជីម៉េង ភេទ ប្រុស អាយុ ៣៥ឆ្នាំ មុខរបរ ជាងកាត់សក់ មានទៅលំនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ការឃាត់ខ្លួននេះ ធ្វើទ្បើងតាមបណ្តឹងរបស់ជរងគ្រោះ បានបំភ្លឺឲ្យដឹងថា ៖ នៅថ្ងៃកើតហេតុ ជនសង្ស័យឈ្មោះ សេង វីស្សា(ហៅ តា) ភេទ ប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិ/សង្កាត់ជាមួយគ្នា ជាកូនជាងក្នុងហាងកាត់សក់ ហើយខ្លួន(ជនរងគ្រោះ) បានទិញម៉ូតូម៉ាក ឃ្លិក ពណ៌ស ស៊េរីឆ្នាំ២០១៩ មួយគ្រឿងទុក សម្រាប់ជិះបម្រើការងារ ក្នុងហាងកាត់សក់ ចំណែកជនសង្ស័យ តែងតែជិះម៉ូតូនោះជារៀងរាល់ថ្ងៃ រហូតដល់ថ្ងៃកើតហេតុ ជនសង្ស័យបានជិះដើរលេងបាត់ជាច្រើនថ្ងៃ លុះត្រឡប់មកវិញ មិនឃើញម៉ូតូ ពេលខ្លួនសួរនាំ ជនសង្ស័យឆ្លើយថា ម៉ូតូត្រូវបានមិត្តភក្តិគេខ្ចីបាត់ហើយ ដោយរយ:ពេលយូរពេក មិនឃើញជនសង្ស័យ យកម៉ូតូត្រឡប់មកវិញខ្លួន ក៏សម្រេចចិត្តមកដាក់ពាក្យបណ្តឹងតែម្តង ។

ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងជំនាញ បានធ្វើការកោះហៅជនសង្ស័យមកសាកសួរ ដោយជនសង្ស័យ បានសារភាពថា  ខ្លួនបានយកម៉ូតូរបស់ជនរងគ្រោះ ទៅលក់នៅខេត្តសៀមរាបបាត់ហើយ ក្នុងតម្លៃ ១.០០០ដុល្លារ ។

កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី៕