បើមិនព្រម៣លក្ខខណ្ឌនេះទេ Mbappeនឹងដើរចេញពី​PSG

Kylian Mbappe ត្រូវបានចាត់ទុកថា ជាកីឡាករសំខាន់មួយរូបសម្រាប់ក្លឹប Paris Saint-Germain ដោយរូបគេបានរួមចំណែកយ៉ាងសកម្ម ក្នុងការជួយក្លឹបយក្សបារាំងលើកពាន Ligue​1 ជាមួយនឹងគ្រាប់បាល់ ៣៣គ្រាប់ នៅរដូវកាល ២០១៨/១៩។

ទោះបីជា​កីឡាររូបនេះ ជាកីឡាករដែលមិនអាចខ្វះបានសម្រាប់ PSG ក្ដី ប៉ុន្ដែខ្សែប្រយុទ្ធបារាំងរូបនេះ មិនមែនកីឡាករដែលសំខាន់បំផុតនៅក្នុងក្រុម​នោះទេ ប៉ុន្ដែជា​តារាឆ្នើមប្រេស៊ីល Neymar ដែលបានផ្ទេរមកកាន់ក្លឹប ក្នុងតម្លៃបំបែកកំណត់ត្រា​២២២លានអឺរ៉ូ។​

យ៉ាងណាមិញ បើយោងតាមព័ត៌មាន​ពី​Sunday Times កីឡាករឆ្នើមប្រចាំលីគកំពូលបារាំងរូបនេះ ចង់អោយមានការផ្លាស់ប្ដូរធំៗ៣ បើមិនដូច្នោះទេ រូបគេនឹងចាកចេញពីក្លឹប។

លោក Duncan បាននិយាយនៅក្នុងកម្មវិធី Transfer Window Podcast ថា៖«​Mbappe មានអារម្មណ៍ថា រូបគេធ្វើបានល្អជាង Neymar ក្នុងការត្រូវការចាំបាច់របស់ក្លឹប នៅលើទីលាន។​ គេចង់ធានាបានថា រូបគេនឹងលេងជាតំណែងលេខ៩ គឺខ្សែប្រយុទ្ធកណ្ដាល ជាជាង Edinson Cavani និង Neymar។ គេចង់កំណត់តំណែងនេះ អោយរូបគេផ្ទាល់។​ គេចង់ស៊ុតបាល់ប៉េណាល់ទី គេកៀកនឹងឈ្នះពានស្បែកជើងមាសអឺរ៉ុប ទៅហើយសម្រាប់រដូវកាលកន្លងមក ហើយគេគិតថា បើសិនជារូបគេ ត្រូវបានអនុញ្ញាតអោយស៊ុតប៉េណាល់ទី គេអាចឈ្នះពាននេះ។​ ហើយគេក៏ចង់អោយ មានការផ្លាស់ប្ដូររបៀបលេងរបស់ PSG ផងដែរ។ គេចង់អោយក្រុមប្រើប្រាស់ទម្រង់៤-៤-២ ដែលទម្រង់នេះ ទទួលបានលទ្ធផលល្អ កាលរូបគេលេងអោយក្លឹប Monaco»៕

ប្រភព៖ GiveMeSport, cambotrends​