​​​​បារម្ភ​ពីបញ្ហា​សុវត្ថិភាពកីឡាករ ម៉ាកាវ​សម្រេចដកខ្លួន​ចេញពីវគ្គ​ជម្រុះWorld Cup

ក្រុម​​ជម្រើសជាតិ​ម៉ាកាវ បាន​ដកខ្លួនចេញពី​វគ្គ​ជម្រុះ World Cup ជុំដំបូង ​​ពីបានយកឈ្នះស្រីលង្កា​១-០ ក្នុងដី​ខ្លួនឯងកាលពីជើងទី១ ហើយ​ត្រូវ​ប្រកួត​ជើទី២ នៅទឹកដីស្រីលង្កា នាថ្ងៃទី១១ ខែមិថុនា​ម្សិលមិញនេះ ដោយសារ​បារម្ភ​ពី​បញ្ហា​សុវត្ថិភាព​នៅ​ទឹកដី​ស្រីលង្កា ក្រោយពី​មាន​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​នាពេល​កន្លងមក។​

​យ៉ាងណាមិញ សហព័ន្ធ​កីឡា​បាល់ទាត់​ម៉ាកាវ​(MFA) បាន​បញ្ជាក់​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួនថា ការ​សម្រេច​មិន​បញ្ជូន​ក្រុមជម្រើសជាតិ​ទៅ​ទឹកដី​ស្រីលង្កា គឺ​ដោយសារ​បារម្ភ​ពី​សុវត្ថិភាព​កីឡាករ ក្រោយ​ពី​មាន​​ការ​វាយ​ប្រហារ​ភេរវកម្ម​កាលពី​ពេល​ថ្មីៗ នៅ​ស្រីលង្កា។ MFA បាន​ស្នើទៅ សហព័ន្ធ​កីឡា​បាល់ទាត់​ពិភពលោក FIFA, ​សហព័ន្ធ​កីឡា​បាល់ទាត់ទ្វីបអាស៊ី AFC និង​សហព័ន្ធ​កីឡា​បាល់ទាត់​ស្រីលង្កា ដើម្បី​ប្ដូរ​ទឹកដី ទៅ​លេង​នៅ​ទឹកដី​កណ្ដាល ប៉ុន្តែ​ការ​ស្នើ​នោះ មិន​ទទួល​ការ​យល់​ព្រម​នោះទេ។

​សហព័ន្ធ​កីឡា​បាល់ទាត់​ស្រីលង្កា បានឆ្លើយតបថា ខ្លួន​បាន​បំពេញ​គោលការណ៍​សុវត្ថិភាព​ ជាមួយ FIFA និង AFC រួចរាល់ហើយ ដូច្នេះ​ការ​ប្រកួត​អាច​ធ្វើ​ទៅ​បាន​នៅ​ទឹកដី​របស់​ខ្លួន៕ ប្រភព៖ kleykley.sabay, afc