លួចម៉ូតូគេបានសម្រេច ជិះរត់ទៅបុកនឹងរថយន្តBMW ភ័យពេករត់បាត់ ចុងក្រោយស្រាប់តែមានម្ចាស់ម៉ូតូពិតមកដាក់ពាក្យបណ្តឹង
ព័ត៌មាន
914

ភ្នំពេញ៖ មានករណីជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចម៉ូតូរបស់នារីម្នាក់ បានសម្រេច រួចជិះរត់ទៅបុកនឹងរថយន្តម៉ាក BMW ពេញទំហឹង បណ្តាលឲ្យដួលខ្ទេចម៉ូតូ ។ ចំណែកជនសង្ស័យភ័យខ្លាំងពេក បានប្រញាប់រត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ ថ្ងៃត្រង់ទី២៣ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចមាត់ប្រឡាយបឹងត្របែក មុខផ្ទះលេខ១៦៨ ផ្លូវលេខ១០៥ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើប១គ្រឿងម៉ាក BMW ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-0088 បើកបរដោយបុរសម្នាក់ពីត្បូងទៅជើង តាមបណ្តោយផ្លូវលេខ១០៥ តាមមាត់ប្រឡាយបឹងត្របែក លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាកស៊ុយសាគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GI-5821 ជិះដោយយុវជនម្នាក់យ៉ាងលឿនបញ្ច្រាសគ្នា ទៅបុករថយន្តចំខាងមុខផ្នែកខាងឆ្វេងពេញទំហឹងខូចខាតយ៉ាងដំណំ ចំណែកជនសង្ស័យដែលជិះម៉ូតូភ័យពេកក៏ប្រញាប់រត់គេចខ្លួនបាត់ ភ្លាមៗនោះសមត្ថកិច្ចបានចុះមកធ្វើការពិនិត្យនៅនឹងកន្លែងកើតហេតុ ដោយបាននាំយកម៉ូតូខាងលើទៅរក្សាទុក ព្រោះស្មានថាជាករណីគ្រោះថ្នាក់ចរាចរណ៍ តែពេលយកមកដល់ប៉ុស្តិ៍ ស្រាប់តែមាននារីម្នាក់ មកដាក់ពាក្យបណ្តឹង នៅនគរបាលប៉ុស្តិ៍ទួលទំពូងទី១ ថាត្រូវជនសង្ស័យធ្វើសកម្មភាពលួចកាច់កម៉ូតូនារីរងគ្រោះ ដែលមានភិនភាគដូចម៉ូតូដែលជួបគ្រោះថ្នាក់ខាងលើ ចេញពីមុខហាងលក់ខោអាវជជុះមួយកន្លែង មានទីតាំងនៅផ្លូវ៤៥៤ ក្បែរផ្សារទួលទំពូង ហើយក៏ជិះទៅបុកនឹងរថយន្តស៊េរីទំនើបម៉ាក BMW តែម្តង៕