នារីចម្រៀងម្នាក់ ដាក់ពាក្យបណ្តឹងថៅកែអប្រិយ ទាមទារសំណងជំងឺចិត្ត៣ម៉ឺនដុល្លារ ក្រោយតាមលួងលោមនាងអីៗជាង ១ឆ្នាំមកហើយតែនាងមិនព្រម
ព័ត៌មាន
4.79K

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ នារីជាអ្នកចំរៀងវ័យក្មេងម្នាក់ មានឈ្មោះ ប្រាក់ ផាន់នី ហៅអមរា អាយុ១៩ឆ្នាំ ជាអ្នកចម្រៀងក្នុងកម្មវិធីខនសឺតនានា និងជាអ្នកច្រៀងក្នុងកម្មវិធីកីឡារបស់ស្ថានីយទូរស្សន៍ CNC បានរៀបរាប់ទាំងទឹកភ្នែកថា ព្រោះតែស្ថានភាពក្រីក្រ នាងបានបង្ខំចិត្តចាប់យកអាជីពជាអ្នកចម្រៀង សម្តែងក្នុងកម្មវិធីប្រគំតន្រ្តីខនសឺត តាមខេត្តក្រុងនានា ដើម្បីបានប្រាក់ឈ្នួលបន្តិចបន្តួច យកមកចិញ្ចឹមឪពុកម្ដាយចាស់ជរា និងចិញ្ចឹមប្អូនបង្កើត២នាក់ទៀត រស់នៅក្នុងបន្ទុកគ្រួសារ ប៉ុន្តែជីវិតរបស់នាង ហាក់មានការមានភាពជូរចត់ យ៉ាងខ្លាំងដោយសារថៅកែ បានតាមលួងលោមប្រលោមសុំស្នេហ៍ពីនាងជាង ១ឆ្នាំមកហើយ តែនាងមិនព្រមក៏ព្រោះដឹងថា គាត់មានប្រពន្ធ និងកូន២នាក់រួចទៅហើយ។ អ្វីដែលធ្វើឲ្យនាងឈឺចាប់នោះ គឺថៅកែរូបនេះ តាមឈ្នានីស និងមានពេលខ្លះរហូតប្រើហិង្សាមកលើនាងទៀតផង។

ដោយទ្រាំមិនបាន នាងក៏សម្រេចចិត្តដាក់ពាក្យបណ្តឹងប្តឹងទៅលើថៅកែអប្រិយរូបនោះ ទៅកាន់ទីបញ្ជាការដ្ឋានអាវុធហត្ថខណ្ឌដង្កោ ដើម្បីជួយដោះស្រាយឲ្យនាង និងចាត់ការទៅលើថៅកែរបស់ខ្លួន ដែលជាជនបង្ក ដោយទាមទារសំណងជំងឺចិត្តចំនួន ៣ម៉ឺនដុល្លារ ទើបនាងសុខចិត្ត។

រហូតមកទល់ពេលនេះ នៅមិនទាន់ដឹងថា មានលទ្ធផលយ៉ាងណានៅឡើយនោះទេ ៕