ជនជាតិប្រែហ្ស៊ីលមុខស្រស់ម្នាក់ បើករថយន្តវ៉ាជែងជ្រុលទៅបុកម៉ូតូអូសជាង១គីឡូម៉ែត្រ បណ្តាលឲ្យនារីម្នាក់់បាក់ជើងឆ្វេង យ៉ាងដំណំ
ព័ត៌មាន
1.62K

កណ្ដាល៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្ដាលឲ្យនារីម្នាក់រងរបួសធ្ងន់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦និង៣៥នាទីយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៣៣-៣៤ ភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ។

ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ដម៉ាក Ford ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AE-5256 បើកបរដោឈ្មោះ ដា នីញែល ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិប្រែហ្ស៊ីល បច្ចុប្បន្នស្នាក់នៅរាជធានីភ្នំពេញ បានធ្វើដំណើរពីភ្នំពេញឆ្ពោះទៅអ្នកលឿង លុះបើកមកដល់ចំណុចកើតហេតុ បានបន្ថែមល្បឿន បើកវ៉ាជែងរថយន្ដមួយគ្រឿងទៀតនៅខាងមុខ ក៏បានជ្រុលចង្កូតទៅបុកម៉ូតូ នារីរងគ្រោះឈ្មោះ ម៉ី វុទ្ឋី ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល បើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1Q-2500 ដែលធ្វើដំណើរច្រាស់ទិសគ្នាពេញមួយទំហឹង បណ្ដាលឲ្យនារីរងគ្រោះទទួលរងរបួសធ្ងន់ (បាក់ជើងខាងឆ្វេង និងដៃខាងឆ្វេង) រីឯម៉ូតូត្រូវរថយន្ដអូសប្រហែលមួយគីឡូម៉ែត្រទើបឈប់។

ការសន្និដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹងថា៖ ករណីខាងលើនេះ គឺបណ្ដាលមកពីអ្នកបើកបររថយន្ដបើកមិនប្រយ័ត្ន មុននឹងវ៉ាជែង។

ក្រោយកើតហេតុកម្លាំងនគរបាលស្រុក បានធ្វើការអន្ដរាគមន៍ឃាត់ខ្លួនជនបង្ក និងរថយន្ដ រួចធ្វើការវាស់វែងកសាងសំណុំរឿង ដកហូតយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកនារីរងគ្រោះ ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ៕