បុរសម្នាក់រករឿងប្រពន្ធ ថែមទាំងដេញមីងថ្លៃចេញពីផ្ទះ រួចដុតបំផ្លាញសម្ភារះ ត្រូវប្រពន្ធប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន
ព័ត៌មាន
571

កណ្តាល៖ មានករណីអំពើហិង្សាក្នុងគ្រួសារ ដោយបុរសម្នាក់ រករឿងប្រពន្ធ និង ដុតបំផ្លាញសម្ភារះក្នុងផ្ទះ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦និង៣០នាទីយប់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនសង្ស័យឈ្មោះ វ៉ៃ ជីប៉ាវ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិព្រែកដំបូក ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម (ឃាត់ខ្លួន)។

ជនរងគ្រោះឈ្មោះ ព្រំ ថេង ភេទស្រី អាយុ ៦៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លាងចានក្នុងហាង មានទីលំនៅភូមិឃុំកើតហេតុ។

សភាពរឿងហេតុ រយៈពេលជាង ០២ឆ្នាំមកហើយ ដែលជនសង្ស័យ បានស្រលាញ់ជាមួយឈ្មោះ ព្រំ ធួក ភេទស្រី (ត្រូវជាប្រពន្ធជនសង្ស័យ) បានសែនព្រែនរួមរស់ជាមួយគ្នាជាប្តីប្រពន្ធ ហើយមកស្នាក់នៅផ្ទះរបស់ឈ្មោះ ព្រំ ថេង ត្រូវជាមីងរបស់ជនរងគ្រោះ នៅភូមិព្រៃបាំង ឃុំស៊ីធរ។ ក្នុងអំឡុងពេលរស់នៅជាមួយគ្នាជនសង្ស័យ តែងតែហិង្សាវាយដុំ ទ្រាំមិនបានក៏រត់ចេញពីផ្ទះជាងមួយខែមកហើយ។

រហូតមកដល់ថ្ងៃកើតហេតុ ជនសង្ស័យ មានសភាពស្រវឹងស្រា មាត់ឡូឡាជេរប្រមាថជនរងគ្រោះ (ឈ្មោះ ព្រំ ធួក មិននៅផ្ទះទេ) ពេលនោះ ជនរងគ្រោះបានឃាត់កុំឲ្យមាត់ឡូឡា តែមិនស្តាប់ថែមទាំងដេញជនរងគ្រោះ ឲ្យចុះចេញពីផ្ទះទៀត បន្ទាប់មកជនសង្ស័យ បានទៅយកសម្លៀកបំពាក់របស់ជនរងគ្រោះ ០២កំប្លេរ ខ្នើយមុងភួយទៅដុតនៅមុខផ្ទះ ឃើញដូចនេះ ប្រពន្ធជនសង្ស័យ រាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស៊ីធរ កម្លាំងនគរបាលប៉ុស្តិ៍ចុះអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅ អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕