ចោរឆក់កាបូបពីស្ត្រីស្រស់ស្អាតម្នាក់ បានសម្រេចតែប៉ូលិសដេញតាមពីក្រោយ ភ័យពេកផ្តួលម៉ូតូរត់បាត់!
ព័ត៌មាន
1.43K

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់កាបូបរបស់ស្ត្រីម្នាក់ បានសម្រេចព្យាយាមរត់គេច តែស្ថានការណ៍មិនល្អ ត្រូវប៉ូលិសដេញតាមពីក្រោយផង ភ័យពេកក៏ប្រញាប់ផ្តួលម៉ូតូរត់គេចខ្លួនបាត់តែម្តង បន្សល់ទុកម៉ូតូដែលជិះធ្វើសកម្មភាពចោល។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១១និង២០នាទី យប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវR6 កែងនឹងផ្លូវ៧០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះបានអះអាងថា មុនពេលកើតហេតុគាត់បានជិះកង់ឥណ្ឌាតាមបណ្ដោយផ្លូវ៧០ ធ្វើដំណើរពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូឌ្រីមសង់០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HQ-2414 មកពីក្រោយធ្វើសកម្មភាពឆក់កាបូបលុយ ពីគាត់បានសម្រេច ទើបស្រែកឆោឡោផ្អើលដល់កម្លាំងនគរបាលកំពុងល្បាតជិះដេញពីក្រោយ រហូតដល់ចំណុចផ្លូវរថភ្លើងក្ដាន់ពីរ ទើបជនសង្ស័យភ័យពេកផ្ដួលម៉ូតូចោល និងបោះកាបូបលុយចោល រត់គេចខ្លួនបាត់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានប្រគល់កាបូបលុយជនរងគ្រោះឲ្យជនរងគ្រោះជាម្ចាស់វិញ និងស្រាវជ្រាវរកជនសង្ស័យខាងលើយកមកផ្តន្ទាទោសតាមច្បាប់បន្តទៀត៕