ឯកឧត្តម នេត សាវឿន៖ ក្រុមហ៊ុន GCG Asia ជាក្រុមហ៊ុនឆបោកលក្ខណៈអន្ដរជាតិ ប្រទេសជាច្រើននៅតំបន់អាស៊ីរងគ្រោះដោយសារក្រុមហ៊ុននេះ ហើយសមត្ថកិច្ចកំពុងចាត់វិធានការតាមផ្លូវច្បាប់
ព័ត៌មាន
4.64K

ភ្នំពេញ៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា ៖ ក្រុមហ៊ុន GCG ASIA ដែលបានយកឈ្មោះ និងរូបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងឈ្មោះធនាគារជាតិកម្ពុជា ទៅបង្ហោះខុសច្បាប់ គឺជាក្រុមហ៊ុនឆបោកលក្ខណៈអន្ដរជាតិ ហើយប្រទេសជាច្រើននៅតំបន់អាស៊ី បានរងគ្រោះដោយសារក្រុមហ៊ុននេះរួចហើយ ហើយក្រោយពីកម្លាំងនគរបាលជំនាញ ជួបប្រជុំជាមួយមន្ដ្រីធនាគារជាតិបានរកឃើញថា ក្រុមហ៊ុនមួយនេះ មិនបានចុះបញ្ជីត្រឹមត្រូវជាមួយធនាគារជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធនោះឡើយ មិនតែប៉ុណ្ណោះ កាលពីមុនក្រុមហ៊ុននេះ ធ្លាប់រកស៊ីបោកប្រាស់នៅប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ីជាដើម ហើយត្រូវបានអាជ្ញាធរប្រទេសទាំងនោះដឹង ហើយក៏បានរត់ចេញមកបោះមូលដ្ឋាននៅកម្ពុជា។

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន បញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរ មិនទាន់ចាញ់បោកក្រុមហ៊ុននេះនៅឡើយទេ មានភាគច្រើនតែជនជាតិចិន ព្រោះក្រុមហ៊ុននេះដាក់លក់តែនៅ ក្រៅប្រទេសប៉ុណ្ណោះ ប៉ុន្តែមានស្នាក់ការនៅកម្ពុជា ហើយក្នុងប្រតិបត្តិការចុះឆែកឆេរនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ សមត្ថកិច្ចក៏បានឈានទៅដល់ការបិទក្រុមហ៊ុនជាបណ្ដោះអាសន្ន ហើយឈានទៅដល់ការឃាត់ខ្លួនប្រធានក្រុមហ៊ុនទាំងពីរនាក់ប្ដីប្រពន្ធ យកទៅសួរនាំដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា ក្រុមហ៊ុន GCG Asia Co., LTD ដែលបានយកឈ្មោះ និងរូបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ទៅបង្ហោះក្នុងគេហទំព័ររបស់ខ្លួន ដោយខុសច្បាប់ និងមានប្រតិកម្មភ្លាមៗ ពីប្រមុខនៃរាជរដ្ឋាភិបាលនោះ ត្រូវបានសមត្ថកិច្ច និងមន្រ្តីធនាគារជាតិ ចុះទៅបិទជាបណ្ដោះអាសន្ន នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ៕