រថយន្តព្រូស ជាន់ហ្វ្រាំងមិនទាន់ បុកម៉ូតូ បណ្តាលឲ្យនារីម្នាក់ រងរបួសធ្ងន់
ព័ត៌មាន
532

កណ្ដាល៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តព្រូសមួយគ្រឿង ជាន់ហ្វ្រាំងមិនទាន់ បុកម៉ូតូ បណ្តាលឲ្យនារីម្នាក់ រងរបួសធ្ងន់ ដែលហេតុការណ៍នេះបានកើតឡើនៅវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩  ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៨-២៩ ស្ថិតក្នុងភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល។

ប្រភពបានឲ្យដឹងថា រថយន្ដបង្កម៉ាក TOYOTA PRUIS (ប្រភេទទេសចរណ៍) ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ 2AY-6153 បើកបរដោយឈ្មោះ រ៉េត សុផេង ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ អ្នកបកប្រែ មានទីលំនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ សេម សុប៊ី ភេទស្រី អាយុ ៣២ឆ្នាំ មានស្រុកកំណើតនៅភូមិឆព្រិច ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត បច្ចុប្បន្ន ស្នាក់នៅភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល បើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ។

សភាពរឿងហេតុ នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើ បើកបរម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ៤ ពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ម៉ូតូបានបើកងាកមកឆ្វេងឆ្លងផ្លូវ ស្រាប់តែរថយន្ដយ៉ាងល្បឿនលឿន មកពីក្រោយជាន់ហ្រ្វាំងឈប់មិនទាន់ បុកម៉ូតូពីចំហៀង បណ្ដាលឲ្យស្ត្រីរងគ្រោះរងរបួសធ្ងន់។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកវត្ថុតាង ត្រូវកម្លាំងនគរបាលជំនាញចរាចរណ៍ ចុះធ្វើការវាស់វែង និងកសាងឯកសារដកហូតយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕