រថយន្តដឹកដី ជាន់ហ្វ្រាំងមិនស៊ី ជ្រុលទៅ បុករថយន្ត១គ្រឿង រុលទៅបុកផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យលោកតាម្នាក់រងរបួសធ្ងន់ រួចបន្តទៅបុករថយន្ត២គ្រឿងថែមទៀត
ព័ត៌មាន
379

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្ត ដឹកដីមួយគ្រឿង បុករះរថយន្ត៣គ្រឿង បណ្តាលឲ្យរថយន្តមួយគ្រឿងជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យលោកតាម្នាក់ រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដែលហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោង ១០ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នេះ ស្ថិតនៅលើផ្លូវទំនប់កប់ស្រូវ ក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកដីមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3C- 7347 បើកបរដោយបុរសម្នាក់ឈ្មោះ វ៉ា ហៀង អាយុ២៧ឆ្នាំ បើកបរពិលិចទៅកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុករថយន្តពីក្រោយរថយន្ត ពណ៍ខៀវ ដែលពាក់ស្លាកលេខ ភ្នំពេញ 2R- 1343 រួចរុលចូលផ្ទះលក់នំបញ្ចុក បណ្តាលឲ្យលោកតាម្នាក់រងបួសធ្ងន់ ហើយរថយន្តដឹកដីមិនទាន់អស់ល្បើនក៍ជ្រុលទៅបុករថយន្ត២គ្រឿងទៀត និងស្លាកប៉ាណូ បណ្តាលឲ្យរងការខូចខាត។

ក្រោយកើតហេតុ អ្នករងរបួសត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែករថយន្តទាំង៤គ្រឿងត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងរងចាំដោះស្រាយគ្នានៅពេលក្រោយ៕