រថយន្តFUSO របូតកង់ទៅប៉ះរថយន្ត តាកូម៉ា១គ្រឿង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អណាស់គ្មានអ្នករបួស
ព័ត៌មាន
518

ព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្ត FUSO របូតកង់ទៅប៉ះរថយន្ត តាកូម៉ា១គ្រឿង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩  ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៣៨-១៣៩ ភូមិចម្ការហ្លូង ឃុំចម្ការហ្លូង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

ប្រភពបានឲ្យដឹងថា រថយន្តបង្កម៉ាក FUSO ក្បាលព៌ណខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3E-7627 ធ្វើដំណើពីខេត្តព្រះសីហនុទៅភ្នំពេញ បើកបរដោយឈ្មោះ ឆាយ សម្បិត្ត ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរបើកបរ មានទីលំនៅភូមិត្រពាំងខ្នា ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តបានរបូតកង់ខាងក្រោយផ្នែកខាងឆ្វេង មកប៉ះរថយន្តតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Z-3815 មានទិសដៅពីភ្នំពេញ ទៅខេត្តព្រះសីហនុ ។

ជនរងគ្រោះឈ្មោះ ហួត ហ៊ុយលីន ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ រថយន្តតាកូម៉ាខូចខាតផ្នែកខាងមុខទាំងស្រុង តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយ ។

ក្រោយកើតហេតុ រថយន្តទាំង២គ្រឿង ត្រូវបានកម្លាំងជំនាញយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ដើម្បីដោះស្រាយតាមនីតិវិធី៕