ឆក់ទូរសព្ទពីនារីម្នាក់បានសម្រេច ជិះរត់ពីខណ្ឌពោធិ៍សែនជ័យ ដល់ខណ្ឌដង្កោ ត្រូវសមត្ថកិច្ចខណ្ឌដង្កោ ដេញតាមប្រផាប់ប្រភីង ផ្តួលម៉ូតូរត់ចូលវាលស្រែ ទីបំផុតចាប់ខ្លួនបានទាំង២នាក់
ព័ត៌មាន
1.02K

ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ ធ្វើសកម្មភាពឆក់ទូរសព្ទពីនារីម្នាក់បានសម្រេច កំពុងជិះម៉ូតូតាមដងផ្លូវបានសម្រេច ហើយព្យាយាមជិះរត់តាំងពីខណ្ឌពោធិ៍សែនជ័យ រហូតដល់ភូមិសាស្ត្រដល់ខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចបោះដៃតាមវិទ្យុទាក់ទង ដេញតាមប្រផាប់ប្រភីង ធ្វើឲ្យជនសង្ស័យភ័យ ផ្តួលម៉ូតូរត់ចូលវាលស្រែ ទីបំផុតត្រូវសមត្ថកិច្ចចាប់ខ្លួនបានទាំង២នាក់តែម្តង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៥និង ១៥នាទីរសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងដេញតាមចាប់ខ្លួនបាននៅចំណុចវាលស្រែ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១មានឈ្មោះ ហេង ពាង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវវេងស្រេង ម្តុំកាណាឌីយ៉ា និងជនសង្ស័យទី២ឈ្មោះ ម៉ន ដារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅវត្តអង្គតាមិញ បានធ្វើសកម្មភាពឆក់ទូរសព្ទម៉ាក IPhone 6Plus របស់ជនរងគ្រោះឈ្មោះ សុខ សុភក្តិ ភេទស្រី អាយុ១៨ឆ្នាំ ស្នាក់នៅភូមិគោកខ្សាច់ សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីនារីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ នាងបានជិះម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AX-9134 មួយគ្រឿង ជូនមីងចេញពីផ្ទះក្នុងភូមិគោកខ្សាច់ សង្កាត់ប្រទះឡាង ខណ្ឌដង្កោទៅរោងចក្រ ដើម្បីទៅយកម៉ូតូ លុះត្រឡប់មកវិញដល់ភូមិសាស្ត្រ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក សង់០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BY-6229 ដោយជនសង្ស័យដែលជិះនៅខាងក្រោយ បានធ្វើសកម្មភាពឆក់ទូរសព្ទរបស់នារីរងគ្រោះដែលដាក់នៅក្នុងឃ្លុបម៉ូតូខាងមុខ បានសម្រេច ហើយព្យាយាមជិះរត់ ត្រូវបានជនរងគ្រោះស្រែកឆោឡោថាចោរៗ និងដោយមានការបោះដៃតាមវិទ្យុទាក់ទងពីភិនភាគជនសង្ស័យ សមត្ថកិច្ចខណ្ឌដង្កោ បានល្បាតក្នុងភូមិស្ត្រាស ស្រាប់តែប្រទះឃើញជនសង្ស័យទាំង២នាក់កំពុងជិះម៉ូតូរត់មកតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ ទើបប្រញាប់ដេញតាមពីក្រោយម៉ូតូជនសង្ស័យយ៉ាងប្រផាប់ប្រភីង រហូតធ្វើឲ្យជនសង្ស័យភ័យប្រញាប់ផ្តួលម៉ូតូរត់កាត់តាមវាលស្រែ តែក៏ត្រូវសមត្ថកិច្ចដេញតាមចាប់ខ្លួនបានទាំង២នាក់តែម្តង បញ្ជូនមកកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ពងទឹក ដើម្បីសាកសួរបណ្តោះអាសន្ន និងប្រគល់ខ្លួនជនសង្ស័យឲ្យទៅនគរបាលប៉ុស្តិ៍ភ្លើងឆេះរទេះវិញ ដើម្បីសាកសួរនិងកសាងសំណុំរឿងបន្តបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមច្បាប់បន្តទៀត៕