គួរឲ្យសង្វេកណាស់! ទិញម៉ូតូបាន៤ថ្ងៃ ជិះទៅលេងផ្ទះរួចត្រលប់មកវិញត្រូវរថយន្តបុកស្លាប់ យ៉ាងអាណោចអាធ័ម
ព័ត៌មាន
2.82K

ភ្នំពេញ៖ បុរសម្នាក់ទើបតែទិញម៉ូតូបាន៤ថ្ងៃទៅលេងផ្ទះត្រលប់មកវិញត្រូវរថយន្តបុកស្លាប់យ៉ាងអាណោចអាធ័ម ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវ១៥១ ស្ថិតនៅក្នុងភូមិធំ សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅនាវេលាម៉ោង ១០យប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩។

យោងទៅតាមប្រភពព័ត៌មានពីកូនប្រសាជនរងគ្រោះដែលបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុខ្លួននិងឪពុកក្មេកបានចេញពីផ្ទះម្ដាយឪពុកបង្កើត រួចក៏នាំគ្នាជិះត្រឡប់ទៅផ្ទះវិញក៏មានរថយន្ត វីស្តូមួយគ្រឿងដែលពាក់ស្លាកលេខ ភ្នំពេញ 2Z 1435 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបានបុកម៉ូតូរបស់គាត់ម៉ាកឌ្រីមសេ125 ដែលពាក់ស្លាកលេខ ភ្នំពេញ 2HK 2998 ចំពីមុខពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗ ។

ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតមានឈ្មោះ សុខ ប៊ុនធឿន ភេទប្រុស អាយុ ៥០ឆ្នាំ សញ្ជាតិខ្មែរ ស្នាក់នៅភូមិខ្មែរបន្ទាយរាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មុខរបជាមន្ត្រីយោធាបានចូលនិវត្តន៍។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានប្រគល់សាកសពឲ្យទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែងយករថយន្តទៅរក្សាទុកនៅឯស្នងការចរាចរណ៍ផ្លូវគោកដើម្បីរង់ចាំម្ចាស់រថយន្តចូលមកដោះស្រាយតាមផ្លូវច្បាប់៕