តុលាការសម្រេចឃុំខ្លួនតៃកុងរថយន្ដ បើកបុកមនុស្ស២នាក់ស្លាប់ និងម្នាក់របួស ក្នុងខណ្ឌដង្កោ នៅល្ងាចនេះហើយ
ព័ត៌មាន
2.51K

ភ្នំពេញ៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ នៅល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩នេះ បានចេញដីកាសម្រេចឃុំខ្លួនតៃកុងរថយន្ដម្នាក់ ដែលបើកបុកមនុស្ស២នាក់ ស្លាប់ និងម្នាក់រងរបួស ក្រោមការចោទប្រកាន់ពីបទ «បើកបរធ្វេសប្រហែសខ្ជីខ្ជាមិនប្រុងប្រយ័ត្នបណ្ដាលឱ្យស្លាប់អ្នកដទៃ»។

សមត្ថកិច្ច បានឲ្យដឹងថា អ្នកបើករថយន្តបង្កមានឈ្មោះ សៀង រិទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅភូមិចម្លត់ដៃ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ ចំណែកជនរងគ្រោះ មានឈ្មោះ ហួត សារុំ ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរជាកសិករ ស្នាក់នៅភូមិពោធិ៍កណ្ដាល ឃុំជ្រោយស្លា ស្រុកស្អាង ខេត្តកណ្ដាល (ជាជីតាបានស្លាប់ ) ឈ្មោះ រុំ ដាណេ ភេទស្រី អាយុ៩ឆ្នាំ ស្នាក់នៅជាមួយគ្នា (ជាចៅស្លាប់ ) និងទី៣ ឈ្មោះ រុំ សំណាង ភេទប្រុស អាយុ២ឆ្នាំ ជាចៅរងរបួសស្រាល។

សូមរំលឹកថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះ បានកើតឡើង កាលពីវេលាម៉ោង ១៦៖១៥ នាទីល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ បំបែកជាបួនក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈលោកតាម្នាក់ជិះម៉ូតូឌុបចៅប្រុសស្រី២នាក់ ទៅលេងឪពុកម្ដាយរបស់ពួកគេ ។

បន្ទាប់ពីកើតហេតុក្រុមគ្រួសារជនរងគ្រោះបានយកសាកសពទៅធ្វើបុណ្យតាមប្រពៃណី ទាំងមិនទាន់ទទួលបានសំណងពីតំណាងរថយន្ដបង្កនៅឡើយនោះទេ៕