ចុម! នាយ តាក់ស៊ី ត្រូវក្រសួងធម្មការនិងសាសនា មិនទាន់អនុញ្ញាតឲ្យបួសនោះទេ!
កម្សាន្ត
6.51K

នាយតាក់ស៊ី ដែលមានជំងឺទឹកនោមផ្អែមជាង១០ឆ្នាំទៅហើយនោះ បានបោះបង់អាជីពកំប្លែងនៅCTN និងបើកដៃឲ្យភរិយាអាចរកស្វាមីថ្មីបាន ព្រោះលោកបានសម្រេចចិត្តថា នឹងចូលសាងផ្នួសអស់មួយជីវិត តែការកំណត់យកថ្ងៃទី១៥ ខែឧសភា ជាពេលវេលាកោរសក់ថ្វាយព្រះពុទ្ធសាសនានោះ ត្រូវអាក់ខានទៅវិញ ព្រោះក្រសួងមិនអនុញ្ញាត។

អ្នកនាងភីម បានប្រាប់សារព័ត៌មានក្នុងស្រុក កាលពីល្ងាចថ្ងៃទី១៤ ខែឧសភា ថា « គាត់ (នាយតាក់ស៊ី) គ្រោងទៅបួសនៅថ្ងៃទី១៥ ខែឧសភា ហ្នឹងមែន នៅវត្តគល់ទទឹង ខេត្តកណ្តាល តែឥឡូវបានអាក់ខានវិញហើយ ព្រោះការសុំច្បាប់ទៅក្រសួងធម្មការ និងសាសនា គាត់មិនទាន់អនុញ្ញាតឲ្យបួសពេលហ្នឹងទេ ដោយគាត់សំអាងថា ទាល់តែចេះច្រើនធម្មក្ខន្ធដែលគាត់តម្រូវសិន ទើបអាចបួសបាន។ សម្រាប់ខ្ញុំដូចជាមិនយល់សោះ ព្រោះកន្លងមក អ្នកបួស ក្រែងបួសហើយ បានទៅរៀនធម៌ ចុះម៉េចបានពេលនេះ ក្រសួងតម្រូវឲ្យរៀនធម៌ឲ្យចេះច្រើនធម្មក្ខន្ធសិនអីចឹង ? ត្រង់ហ្នឹងខ្ញុំមិនយល់ដែរ» ។

អ្នកនាងភីម ថា មិនអាចកំណត់ពេលវេលាដែលស្វាមីនាងចូលសាងផ្នួសបានឡើយពេលនេះ ព្រោះនៅលើការកំណត់របស់ក្រសួងធម្មការ ហើយពេលនេះ ស្វាមីរបស់នាងដែលអន្ទះសារចង់សាងផ្នូសនោះ កំពុងសម្ងំនៅផ្ទះទាំងខកចិត្ត ៕