ជិះម៉ូតូវ៉ាជែងបុកម៉ូតូ១ទៀត ដួលខ្ទាតចូលក្រោមរថយន្តកិនខ្ទេច! របួសមនុស្ស៣នាក់ធ្ងន់ស្រាល
ព័ត៌មាន
3.6K

តាកែវ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ខណៈដែលម៉ូតូ២គ្រឿង បានវ៉ាជែងជ្រុលបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្សចំនួន៣នាក់រងរបួសធ្ងន់ ចំណែកម៉ូតូខ្ទាចចូលក្រោមរថយន្តហ៊ីយ៉ាន់ដាយ កិនខ្ទេច។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៨ព្រឹក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៣៩-៤០ ត្រង់ចំណុចផ្សារគុម្ពឫស្សី ឃុំតាំងដូង ស្រុកបាទី ។

ករណីនេះកើតឡើង រវាងម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1Q-5416 ធ្វើដំណើរពីជើង បើកបរដោយឈ្មោះ សៀប ហ្វ្រេនឌី ភេទប្រុស អាយុ ២១ឆ្នាំ(របួសស្រាល) រួមដំណើរជាមួយឈ្មោះ នួន ស្រីរ័ត្ន ភេទស្រី អាយុ ២៣ឆ្នាំ(របួសធ្ងន់) រ បានវ៉ាជែងទៅបុកម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FU-6261 ធ្វើដំណើរពីត្បូង អ្នកបើកបរមានឈ្មោះ សម្បត្តិ រុន ភេទប្រុស អាយុ ២១ឆ្នាំ (របួសធ្ងន់) បណ្តាលឲ្យដួល ហើយក៏មានរថយន្តម៉ាក ហ៊ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-7917 បំពាក់រ៉ឺម៉កពីក្រោយពាក់ស្លាកលេខ ព្រះសីហនុ 4A-2148 បើកមកពីទិសខាងជើង បើកបរដោយឈ្មោះ ពោង ឈុំមករា អាយុ ៣០ឆ្នាំ ពេលនោះម៉ូតូពាក់ស្លាកលេខ តាកែវ 1Q-5416 ដួលខ្ទាតទៅចូលក្រោមរថយន្តកិនកន្ទុយម៉ូតូនោះតែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើកំណត់ហេតុ យកវត្ថុតាងទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់បន្តទៀត៕