ត្រឹមមួយយប់ បុកគ្នា៣ករណី បណ្តាលឲ្យមានអ្នករងរបួសនិងខូចខាតរថយន្តមួយចំនួន ព្រោះតែកន្លែងកាយធ្វើផ្លូវ ចរាចរណ៏ត្រូវប្តូរទិស
ព័ត៌មាន
1.12K

ខេត្តព្រះសីហនុ៖ យោងតាមផេកលោក Huy Bunleng បានបង្ហោះទាំងស្រុងថា ៖ កាលពីយប់ថ្ងៃ១៤ ខែឧសភា ឆ្នាំ២០១៩ នៅកន្លែងការដ្ឋានកាយធ្វើផ្លូវ តាមផ្លូវឯករាជ្យត្រង់ចំណុចខាងមុខមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៏កើតឡើងចំនួន៣ករណី បណ្តាលឲ្យមានទាំងអ្នករងរបួស និងខូចខាតយានយន្តមួយចំនួនទៀត។

ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏នេះ ត្រូវបានពលរដ្ឋដែលជួបហេតុការណ៏ផ្ទាល់អះអាងថា ដោយសារតែនៅកន្លែងកាយធ្វើផ្លូវ ចរាចរណ៏ត្រូវប្តូរទិស (បណ្តោយផង បញ្ច្រាសផង) តាមកន្លែងការដ្ឋានផ្លូវទាំងឆ្វេងទាំងស្តាំ។

ក្រៅពីការអបអរចំពោះអជ្ញាធរដែលរៀបចំជួសជុលផ្លូវ ករណីនេះពលរដ្ឋបានលើកជាសំណូមពរថា ការដ្ឋានធ្វើផ្លូវនេះ បើអាចគួរធ្វើមួយចំហៀងម្តង ដោយបិទចរាចរណ៏ម្ខាង និងបើកម្ខាងអោយធ្វើចរាចរណ៏ ដើម្បីបញ្ចៀសគ្រោះថ្នាក់បុកប៉ះគ្នា ពីការបើកបរ ប្តូរទិសម្តងឆ្វេងម្តងស្តាំ ។

លោកHuy Bunleng បង្ហោះបន្តថា មិនទាន់អាចទាក់ទងរកការពន្យល់ពីខាងបច្ចេកទេសទទួលជួសជុលផ្លូវនេះនៅឡើយ ប៉ុន្តែបើយោងតាមប្រភពពីសមត្ថកិច្ចដែលស្នើសុំមិនឲ្យប្រាប់អត្តសញ្ញាណបានទទួលស្គាល់ ករណីគ្រោះថ្នាក់ចរាចរណ៏នៅចំណុចនេះ កើតឡើងដោយសារតែទិសចរាចរណ៏មិនច្បាស់លាស់(ម្តងឆ្វេងម្តងស្តាំ) តាមគន្លងផ្លូវដែលការដ្ឋានកំពុងឈូសឆាយ។ ទោះជាយ៉ាងនេះក្តីសមត្ថកិច្ចបានអំពាវនាវអោយអ្នកបើកបរយានយន្តផ្សេងៗ បង្កើនការប្រុងប្រយត្ន័បន្ថែម នៅតាមកន្លែងដែលមានការដ្ឋានធ្វើផ្លូវ ៕ 

ប្រភព៖ Huy Bunleng