​Evra​ថា Sanchez​មកចូលរួមជាមួយ​Man Utd ដើម្បីតែលុយប៉ុណ្ណោះ

លោក Patrice Evra បាននិយាយថាការផ្ទេររបស់កីឡាករ Alexis Sanchez មកកាន់ក្រុម Manchester United ត្រូវបានជម្រុញដោយសារតែលុយ បន្ទាប់ពីកីឡាកររូបនេះបានបដិសេធឱកាសក្នុងការចូលរួមជាមួយក្លឹប Man City ។

​យ៉ាងណាមិញ Sanchez ទំនងជាមានឱកាស ដើម្បីជួបជុំជាមួយលោក Pep Guardiola ម្តងទៀតនៅឯក្រុម Manchester City ខណ:ដែលពួកគេទាំងពីរធ្លាប់បានធ្វើការជាមួយនៅក្លឹប Barcelona ។

តែទោះជាយ៉ាងណា Sanchez បានជ្រើសរើសយកការផ្លាស់ប្តូរទៅកាន់ក្រុម Man United ជំនួសវិញ ប៉ុន្តែខ្សែប្រយុទ្ធរូបនេះបានបរាជ័យក្នុងការស្វែងរកទម្រង់លេងដ៏ល្អបំផុតនៅក្លឹបនេះ ដោយស៊ុតបញ្ចូលទីបានត្រឹមតែ៥គ្រាប់ប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួន៤៥លើក ក្នុងរយៈពេល១៦ខែចុងក្រោយនេះ ។

​ដោយថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Sky Sports អតីតខ្សែការពារក្រុម United លោក Evra បាននិយាយថា៖ កីឡាករខ្លះបានចូលមក ដើម្បីតែលុយ ហើយខ្ញុំមិនខ្លាចនឹងនិយាយពីវាទេ​។ ខ្ញុំមិនមានអ្វីប្រឆាំងនឹងគាត់ទេ ប៉ុន្តែ Sanchez នៅពេលខ្ញុំបានឃើញកិច្ចព្រមព្រៀងតម្លៃនោះហើយ ជាពេលដែលខ្ញុំគិតថាប្រវត្តិសាស្រ្តរបស់ក្រុម Manchester United បានធ្លាក់ចុះ​។

គួរបញ្ជាក់ថា កីឡាករសញ្ជាតិឈីលីរូបនេះ បានចុះកិច្ចសន្យាដ៏ធំមួយ ដែលមានតម្លៃ៥០០,០០០ ផោនក្នុងមួយសប្តាហ៍ នៅទឹកដី Old Trafford បន្ទាប់ពីបានចាកចេញពី Arsenal កាលពីខែមករាឆ្នាំមុន​៕

ប្រភព៖ cambotrends