ណាហ្គាវើលដ៍ប៉ះYANGON ថ្ងៃ​នេះ ​នឹងមាន​អាជ្ញាកណ្តាលស្ត្រីទាំង៣រូបនៅលើទីលាន

ជំនួបបិទពូល F ពានរង្វាន់ AFC Cup វគ្គជម្រុះបឋមតំបន់អាស៊ាន រវាងជើងឯកលីគកំពូលកម្ពុជា ណាហ្គាវើលដ៍ និងជើងឯកមីយ៉ាន់ម៉ា Yangon United នាថ្ងៃពុធ ទី១៥ ឧសភានេះ នឹងមានព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី AFC ត្រូវបានចារ។

រឿងដ៏អស្ចារ្យលើកដំបូងក្នុងពិភពបាល់ទាត់អាស៊ីនោះគឺ ការប្រកួតរវាងក្រុមទាំង២ នឹងត្រូវកាត់សេចក្ដីដោយអាជ្ញាកណ្ដាល និងជំនួយការទាំង២ជានារី ដែលកន្លងមកការប្រកួតនៅក្នុងក្របខណ្ឌក្លិបអាជីពរបស់ទ្វីបអាស៊ី ពុំមានការចាត់តាំងនារីទាំង៣រូបដូចនេះឡើយ ពោលមានត្រឹមជំនួយការអាជ្ញាកណ្ដាលជានារីប៉ុណ្ណោះ។

បើតាមគេហទំព័ររបស់ AFC បង្ហាញថា អាជ្ញាកណ្ដាល Yoshimi Yamashita ត្រូវធ្វើការកាត់សេចក្ដីអមដោយ Makoto Bozono និង Naomi Teshirogi ជាជំនួយការ ដែលអ្នកទាំង៣ជាជនជាតិជប៉ុនដូចគ្នា។ ក្រុមការងារនារីទាំង៣រូប បានឆ្លងកាត់ការធ្វើតេស្តកាយសម្បទាជាច្រើនវគ្គ រួមទាំងការបំពេញតាមលក្ខណ្ឌកម្រិតខ្ពស់ដូចអាជ្ញាកណ្ដាលបុរសផងដែរ។ នេះជាមោទនភាព ហើយក៏ជារបត់ថ្មីមួយ សម្រាប់អាជ្ញាកណ្ដាលរបស់ទ្វីអាស៊ីទាំងមូល។

គួររំឭកថា ជំនួបរវាងណាហ្គាវើលដ៍ ទល់ Yangon United នឹងធ្វើឡើងនៅកីឡដ្ឋាន Thuwunna ទីក្រុងយ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា នាថ្ងៃទី១៥ ឧសភា ចាប់ពីម៉ោង៧យប់តទៅ ម៉ោងនៅកម្ពុជា៕

ប្រភព​៖ CNCC