ក្រសួងពាណិជ្ជកម្ម ដឹកនាំកម្លាំងចុះរុះរើស្លាកយីហោ «សាច់មាន់លោក»
ព័ត៌មាន
6.07K

ភ្នំពេញ៖ ស្លាកយីហោភោជនីយដ្ឋានចិន «សាច់មាន់លោក» ដោយមានការណែនាំពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម សហការជាមួយសាលារាជធានីភ្នំពេញ ចុះរុះរើ ក្រោយបានបកប្រែពីភាសាអង់គ្លេស និងប្រើប្រាស់អក្ខរាវិរុទ្ធមិនត្រឹមត្រូវ រងការរិះគន់ពីប្រជាពលរដ្ឋខ្មែរ។

ការចុះរុះរើនាពេលនេះ ធ្វើឡើងនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ លើផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង ។

ប្រតិបត្តិការនេះ មានការដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌចំការមន តំណាងសាលារាជធានីភ្នំពេញ និងមន្ត្រីនៃមន្ទីរពាណិជ្ជកម្ម រាជធានីភ្នំពេញ ហើយអាជ្ញាធរបានបញ្ជាក់ថា ការប្រើប្រាស់អក្ខរាវិរុទ្ធ ឬពាក្យពេជន៍មិនត្រឹមត្រូវដូចជា «សាច់មាន់លោក» ពីសំណាក់ជនជាតិចិន ដែលជាម្ចាស់ភោជនីយដ្ឋាន នាំឲ្យមហាជនភាគច្រើន មានការយល់ច្រទ្បំ «ក្រៅពីខុសអក្ខរាវិរុទ្ធ ភោជនីយដ្ឋានចិននេះ ពុំបានសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្ម ពីក្រសួងពាណិជ្ជកម្ម និងច្បាប់អនុញ្ញាតពីស្ថាប័នពាក់ព័ន្ធឡើយ ខណ:ដែលកម្ពុជាយើង គឺជាប្រទេសនីតិរដ្ឋ ហើយរាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់លើការពង្រឹងអនុវត្តច្បាប់ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់សាធារណ: និងស្ថិរភាពសង្គម»៕