ស្នងការខេត្តកំពង់ចាម​ សម្រេចបញ្ឈរជើងលោកវរសេនីយ៍ឯក ឯក ប៉ាក់ដន អធិការនគរបាលស្រុកកំពង់សៀមពាក់ព័ន្ឋករណីប្រេីហឹង្សាលេីពលរដ្ឋ​ (វាយដូចសត្វធាតុ​)​
ព័ត៌មាន
2.73K

កំពង់ចាម ៖ លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម សម្រេចបញ្ឈរជើងលោកវរសេនីយ៍ឯក ឯក ប៉ាក់ដន អធិការនគរបាលស្រុកកំពង់សៀម តាមរយៈលិខិតបង្គាប់ការចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ដោយសារប្រើអំពើហិង្សាលើពលរដ្ឋ “វៃសន្លប់រួចចាក់ទឹកដូចសត្វធាតុ” ។

ការសម្រេចដកបញ្ឈរជើងលោកវរសេនីយ៍ឯក ឯក ប៉ាក់ដន បន្ទាប់ពីស្នងការនគរបាលខេត្តកំពង់ចាម លោក ឯម កុសល បើកការស៊ើបអង្កេតរាល់ចំណុចទាំងអស់ ដែលទាក់ទិននៅក្នុងអង្គហេតុ តាមដីការបង្គាប់ឲ្យបើកការស៊ើបអង្កេតរបស់លោក ហួត វុទ្ធី តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Bun Thern បានសរសេរបង្ហោះខ្លឹមសារកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង​៣និង៣៧នាទី​ ថា៖​ << ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្នាក់ រស់នៅភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្ត កំពង់ចាម សូមឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម ជួយរកយុត្តិធម៌ជូនបងប្រុសខ្ញុំផង ឲ្យពួកគាត់បានរស់នៅយ៉ាងណា បើគ្រាន់តែបងប្រុសរបស់ខ្ញុំប្រកែកពាក្យសម្តីជាមួយគ្នាបន្តិច គាត់មកផ្ទះវិញហើយមិនទាន់ដល់ផ្ទះផង ស្រាប់តែលោកអធិការស្រុកកំពង់សៀម លោក ឯក ប៉ាន់ដន មកចាប់បងប្រុសខ្ញុំវាយ ហើយបញ្ជូនមកស្រុកវាយចាក់ទឹកសន្លប់ពីរដង ហើមគ្រប់ កន្លែង ឥឡូវដេកពេទ្យហើយនៅមន្ទីរពេទ្យ 7D ហេតុអ្វីលោកអធិការនគរបាលស្រុកកំពង់សៀមធ្វើបាបបងប្រុសខ្ញុំដល់ថ្នាក់នេះ? >>

មាត្រា ២១៨នៃ ក្រមព្រហ្មទណ្ឌបទល្មើសហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោសចែងថា អំពើ ហិង្សាដោយចេតនាត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ២ឆ្នាំ ទៅ ៥ឆ្នាំ និង ពិន័យជាប្រាក់ពី ៤លានរៀល ទៅ ១០លាន រៀល កាលបើអំពើហិង្សានេះបានកេីតឡើង ៖

ទី១,ដោយមានការគិតទុកជាមុន ។ ទី២,ដោយមាន អាវុធឬគំរាមកំហែងនឹងអាវុធ ។ ទី៣,ដោយមាន មនុស្សច្រើននាក់ ក្នុងឋានៈ ជាចារី សហចារី អ្នកផ្តេីម គំនិតនិងជា អ្នកសមគំនិត ។

មជ្ឈដ្ឋានជាច្រើនសង្ឃឹមថា ប្រសិនបើ លោកវរសេនីយ៍ឯក ឯក ប៉ាក់ដន អធិការនគរបាលស្រុក កំពង់សៀម ពិតជា បានប្រព្រឹត្តបទល្មើសដែលមេីល ទៅហាក់ឃោរឃៅបែបនេះមែន គួរតែសមត្ថកិច្ច ចាប់ខ្លួនដេីម្បីផ្តន្ទាទោសតាមច្បាប់ ៕