តារាកំប្លែងនាយ តាក់សុី នឹងលាឈប់ពីសិល្បៈ ប្រកាសបោះបង់ប្រពន្ធកូន និងសម្រេចចិត្តបួសអស់មួយជីវិត...
កម្សាន្ត
4.32K

តារាសម្ដែង លោក អុឹម ជីវ៉ា បង្ហោះជាសាធារណៈថា តារាកំប្លែងនាយ តាក់សុី នឹងលាឈប់ពីសិល្បៈដោយសម្រេចបួសអស់មួយជីវិត ហើយនិងបើកផ្លូវអោយភរិយារបស់លោក គឺអ្នកនាង ភីម យកគ្រួសារថ្មី ដោយម្នាក់ៗមានការប៉ាន់ស្មានយ៉ាងខ្លាំងថា ជីវិតប្ដីប្រពន្ធមួយគូនេះទំនងជួបវិបត្តិប្រេះស្រាំដល់ថ្នាក់ផ្សះផ្សាលែងបាន ទើបនាយ តាក់ស៊ី សម្រេចចិត្តបួស ហើយទៅបួសអោយឆ្ងាយពីប្រពន្ធ ពីកូនអាយុជាង១០ឆ្នាំ ដោយមិនសឹកទៀតផង។

ទាំងអ្នកនាង ភីម និងនាយតាក់សុី សុទ្ធតែបានបញ្ជាក់បែបនេះ ដោយអះអាងថា មិនអាចបកក្រោយឡើយ។

នាងថា រវាងអ្នកនាង និងនាយតាក់សុី អត់មានបញ្ហានៅគ្រួសារនោះទេ បើទោះជាលោកមានវ័យច្រើនជាង ហើយមានជំងឺប្រចាំកាយ ក៏ដោយក៏នាងមិនធុញទ្រាន់ ហើយទោះបីឃាត់យ៉ាងណាក៏លែងជាប់ អាចបណ្ដាលមកពីលោកមានជំងឺបាក់ទឹកចិត្តនឹងជំងឺលើសឈាម និងទឹកនោមផ្អែមដែលធ្វើទុក្ខរាល់ថ្ងៃ។

នាយតាក់ស៊ី បានលួចទៅបួសដោយរត់ចោលប្រពន្ធកូនព្រោះតែជំងឺបាក់ទឹកចិត្តនេះម្ដងហើយ ប៉ុន្តែប្រពន្ធតាមរកឃើញនៅភ្នំគូលែន ក៏អង្វរអោយសឹក ហើយបានមករស់នៅជួបជុំប្រពន្ធកូនបានមួយសារ។

ស្រាប់តែពេលនេះ នាយ តាក់ស៊ី បានហៅបងប្អូនមកផ្ដែផ្ដាំ ដោយថាលោកនឹងរត់ទៅបួសដោយទៅតែខ្លួនប៉ុណ្ណោះ បើនាង ភីម ចង់មានគ្រួសារថ្មី គឺត្រូវទទួលស្គាល់ និងកុំស្ដីបន្ទោសអោយអ្នកនាង ធ្វើឲ្យនាងអួលដើមករនៅពេលស្វាមីប្រកាសចង់តែរត់ចោលប្រពន្ធកូន ឃាត់លែងជាប់។

ប្រពន្ធនាយតាក់ស៊ី ចង់ឲ្យបួសនៅវត្តគល់ទទឹង កោះក្របី ដើម្បីអោយកូនប្រពន្ធបានឡើងចុះមើលថែ ប៉ុន្តែ លោកទទូចចង់ទៅបួសនៅឯភ្នំគូលែនដូចមុន ព្រោះតូចចិត្តខ្លួនឯង ដែលមានជំងឺច្រើន។ ម្យ៉ាងមកពីលោកធ្លាប់ស្បថថា បើមិនបានបួសមុនស្លាប់ គឺលោកនឹងនៅមិនសុខនោះទេ ទើបលោកទៅបួសលើកនេះដោយតាំងចិត្តថា មិនសឹកវិញទេ ដើម្បីអោយលោកបានស្លាប់ក្នុងភាពជាសង្ឃ ហើយកុំអោយប្រពន្ធកូន និងបងប្អូនពិបាកនឹងការមើលថែជំងឺរបស់ខ្លួន៕