ស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ក្នុងករណីគ្រោះថ្នាក់ចរាចររថយន្តកូរ៉េបុកនិងម៉ូតូឌ្រីមសេ១២៥ នៅស្រុកជីក្រែង
ព័ត៌មាន
872

សៀមរាប ៖ ស្ត្រីម្នាក់បានស្លាប់បាត់ជីវិតនិងនារីវ័យ១៦ឆ្នាំម្នាក់ទៀតបានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចររវាងរថយន្តកូរ៉េនិងម៉ូតូឌ្រីមសេ១២៥ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង២និង៥០នាទី នៅចំណុចលើផ្លូវជាតិ៦ស្ថិតនៅភូមិយាង ឃុំឬស្សីលក ស្រុកជីក្រែង។

លោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែងបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្តម៉ាកកូរ៉េពណ៌សប្រភេទដឹកទំនិញ២.៥តោន ពាក់ស្លាកលេខសៀមរាប 3A.2212 បើកបរពីកើតទៅលិចបើកបរដោយមនុស្សមិនស្គាល់អត្តសញ្ញាណ បានគេចខ្លួនបាត់ បន្ទាប់ពីប៉ះជាមួយអ្នកបើកម៉ូតូសេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខសៀមរាប1X.0417 ក្នុងទិសដៅស្របគ្នាពីទិសខាងកើតទៅខាងលិច បើកដោយឈ្មោះមុំស៊ីដា ភេទស្រី អាយុ១៦ឆ្នាំ មានទីលំនៅភូមិក្រូច ឃុំឬស្សីលកស្រុកជីក្រែង ខេត្តសៀមរាប បណ្តាលឲ្យស្លាប់និងអ្នករួមដំណើរឈ្មោះម៉ៅសិលា ភេទស្រី អាយុ១៦ឆ្នាំ មានទីលំនៅជាមួយគ្នារងរបួសធ្ងន់។

ក្រោយពីកើតហេតុ កម្លាំងនគរបាលជំនាញបានចុះទៅពិនិត្យនិងធ្វើការវាស់វែងនិងបានធ្វើកំណត់ហេតុដកហូតវត្ថុតាងមានរថយន្តនិងម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជីក្រែងដើម្បីកសាងសុំណុំរឿងអនុវត្តទៅតាមនីតិវិធីបន្ត ៕