បុរសម្នាក់ ប្រច័ណ្ឌប្រពន្ធដុតផ្ទះចោល ហើយជិះម៉ូតូគេចខ្លួនបាត់
ព័ត៌មាន
603

បន្ទាយមានជ័យ៖ បុរសជាប្តីម្នាក់កើតក្តីសង្ស័យប្រច័ណ្ឌនិងប្រពន្ធរបស់ខ្លួន ហើយបានរំសាយកំហឹងដោយយកសាំង១លីត្រទៅដុតផ្ទះខ្លួនឯងចោលបង្កការភ្ញាក់ផ្អើលរួចជិះម៉ូតូគេចខ្លួនបាត់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ នៅភូមិបឹងរាំង ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ម្ចាស់ផ្ទះមានឈ្មោះ យុត ស៊ីណា ភេទស្រី អាយុ៣៨ឆ្នាំ និងប្តីឈ្មោះ ភួន ដា អាយុ៣៨ឆ្នាំ មានកូនប្រុសតូចម្នាក់ក្នុងបន្ទុក រស់នៅភូមិ/ឃុំកើតហេតុខាងលើ។ ផ្ទះនេះសង់ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី មានទំហំ៥ម៉ែត្រគុណនឹង៧ម៉ែត្រ។

អធិការនគរបាលស្រុកមង្គលបូរី លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ បានឲ្យដឹងថា មូលហេតុផ្តើមចេញពីបុរសជាប្តីនោះកើតក្តីប្រច័ណ្ឌនិងប្រពន្ធរបស់ខ្លួន ដោយចោទថាប្រពន្ធមានសាហាយស្មន់ហើយក៏បានកើតជាជម្លោះពាក្យសម្តីគ្នាជាបន្តបន្ទាប់ រហូតមកដល់ថ្ងៃកើតហេតុនេះកើតឡើងជាហិង្សា។ ពេលបុរសជាប្តីក៏បានយកសាំង១លីត្រ និងប្រេងម៉ាស៊ីនចាក់ដុតផ្ទះរបស់ខ្លួនឆាបឆេះអស់ទាំងស្រុងបង្កការភ្ញាក់ផ្អើល ហើយជនបង្កជាប្តីនេះក៏បានជិះម៉ូតូគេចខ្លួនបាត់។

ទោះបីជាយ៉ាងនេះក្តី រថយន្តរបស់អធិការដ្ឋាននគរបាលស្រុកក៏បានចេញជួយអន្តរាគមន៍ចំនួន១ឡានផងដែរ ករណីនេះ មិនមានការឆេះរាលដាលាដល់ផ្ទះពលរដ្ឋផ្សេងទៀតឡើយ៕