សមត្ថកិច្ចខណ្ឌដង្កោ ដេញបង្ក្រាបបានជនសង្ស័យម្នាក់ ដែលធ្វើសកម្មភាពយកស្បែកជើងគប់ និងស្រែកសំឡុតគំរាមប្លន់យកម៉ូតូចំនួន២គ្រឿង ពីប្រជាពលរដ្ឋតែមិនបានសម្រេច ទាំងព្រឹកព្រលឹម
ព័ត៌មាន
1.28K

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ បានធ្វើការដេញតាមចាប់ខ្លួនបាន ក្រោយពីបានធ្វើសកម្មភាពយកស្បែកជើងគប់ និងស្រែកសំឡុតគំរាមប្លន់យកម៉ូតូចំនួន២គ្រឿង ពីប្រជាពលរដ្ឋតែមិនបានសម្រេច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទី ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកវរសេនីយ៍​ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ជនរងគ្រោះ ទី១ឈ្មោះ ជា ស្រីណាល់ ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរលក់កំរាលព្រំ មានទីលំនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ និងទី២ឈ្មោះ យឹម វណ្ណា ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិត្រពាំងស្វាយ សង្កាត់ ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ អ៊ុ ប្រុស ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះលេខ២០E1 ផ្លូវលេខ១៥៤ សង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ក្នុងនោះដែរ សមត្ថកិច្ចបានធ្វើការដកហូតបាន ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GH-8007 ចំនួន០១គ្រឿង , ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GA-2061 ចំនួន១គ្រឿង និង ស្បែកជើងពណ៌ឈាមជ្រូកចំនួន០១ចំហៀង ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជា ស្រីណាល់ និងប្តីឈ្មោះ សុខ សុខុន បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GA-2061 ឌុបគ្នា ចេញពីផ្ទះស្ថិតនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីទៅលក់កំរាលព្រំនៅផ្សារបុរីសន្តិភាព២ ស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ពេលនោះជនរងគ្រោះឈ្មោះ ជា ស្រីណាល់ និងប្តីជិះម៉ូតូចេញពីផ្ទះតាមផ្លូវបេតុងបានចម្ងាយពីផ្ទះប្រហែល១០០ម៉ែត្រ ស្ថិតនៅភូមិកំរៀងខាងលើ ស្រាប់តែជួបជនសង្ស័យឈ្មោះ អ៊ុ ប្រុស ភេទប្រុស អាយុ៣៦ឆ្នាំ កំពុងឈរនៅលើផ្លូវបេតុង ហើយក៏បានដោះស្បែកជើងផ្ទាត់ ពណ៌ឈាមជ្រូក គប់ត្រូវភ្នែកខាងឆ្វេងរបស់ជនរងគ្រោះឈ្មោះ ជា ស្រីណាល់ ដែលកំពុងជិះម៉ូតូជាមួយប្តីបណ្តាលអោយជាំភ្នែកខាងឆ្វេង ។ បន្ទាប់មកឈ្មោះ សុខ សុខុន (ប្តីរបស់ជនរងគ្រោះ) បានឈប់ម៉ូតូស្រែកអោយប្រជាពលរដ្ឋជួយ និងរាយការណ៍ប្រាប់សមត្ថកិច្ច ហើយជនសង្ស័យក៏បានរត់គេចខ្លួនទៅទិសខាងកើត ដល់ចំណុចមុខការដ្ឋានសាងសង់ផ្ទះល្វែង ស្ថិតនៅភូមិកំរៀងដូចគ្នា ដែលមានចម្ងាយពីកន្លែងកើតហេតុទី១ ប្រវែងប្រហែល២០០ម៉ែត្រ ក៏បានជួបជនរងគ្រោះម្នាក់ទៀតឈ្មោះ យឹម វណ្ណា ភេទស្រី អាយុ៤០ឆ្នាំ កំពុងជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GH-8007 ចំនួន០១គ្រឿង ម្នាក់ឯងពីលិចទៅកើត ជនសង្ស័យក៏បានស្ទាក់ពីមុខម៉ូតូរបស់ជនរងគ្រោះឈ្មោះ យឹម វណ្ណា ចាប់ដៃម៉ូតូរបស់ជនរងគ្រោះ បណ្តាលអោយដួល រួចស្រែកសំឡុតគំរាមជនរងគ្រោះឈ្មោះ យឹម វណ្ណា អោយចេញឆ្ងាយ ពីរូបគេ (ជនសង្ស័យ) រួចជនសង្ស័យក៏បានលើកម៉ូតូរបស់ជនរងគ្រោះឈ្មោះ យឹម វណ្ណា ជិះគេចខ្លួនទៅទិសខាងកើត ។ ហើយជនរងគ្រោះឈ្មោះ យឹម វណ្ណា ក៏បានស្រែកឆោឡោ អោយអ្នកជិតខាងជួយ ភ្លាមនោះកម្លាំងសមត្ថកិច្ចដែលកំពុងតែជិះម៉ូតូល្បាតក្បែរនោះ ជួយអន្តរាគមន៍ស្ទាក់ឃាត់ខ្លួនបានជនសង្ស័យខាងលើ រួមនិងភស្តុតាង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែង តាមនីតិវិធីច្បាប់ ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ(ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពវាយយកម៉ូតូរបស់ជនរងគ្រោះទាំង២នាក់ខាងលើ ប្រាកដមែន ហើយជនរងគ្រោះទាំង២នាក់ក៏បានមកដាក់ពាក្យ បណ្តឹងចំឈ្មោះជនសង្ស័យ ដើម្បីអោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើសាកសួរនៅក្នុងបន្ទប់របស់ជំនាញព្រហ្មទណ្ឌខណ្ឌដង្កោ ដើម្បីឃាត់ខ្លួនបណ្តោះអាសន្ន កសាងសំណុំរឿងបន្តបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់៕