នារីម្នាក់​ បើករថយន្តស៊េរីទំនើប​ ឡិចស៊ីស​ NX 200t​ រេចង្កូតបើកទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ​ ខូចខាតយ៉ាងដំណំ
ព័ត៌មាន
653

រាជធានីភ្នំពេញ​ ៖​ នារីម្នាក់ បើករថយន្តស៊េរីទំនើប​ម៉ាក​ឡិចស៊ីស​ NX 200t ១គ្រឿង​ ក្នុងល្បឿនលឿន​ រេចង្កូតបើកទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ​ពេញទំហឹង​ បណ្តាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ​។

ហេតុការណ៍នេះកើតឡើងនៅម៉ោង ​២និង៣០នាទី រំលងអធ្រាត្រ​ឈានចូលថ្ងៃទី​២០​ ខែមេសា​ ឆ្នាំ​២០១៩​ នៅតាមបណ្តោយផ្លូវព្រះសីហនុ​ កែងនឹងផ្លូវលេខ១០៥​ ក្នុងសង្កាត់បឹងកេងកងទី២​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​.

មុនពេលកើតហេតុ​ គេបានឃើញ​ ​រថយន្តស៊េរីទំនើប​ម៉ាក​ ឡិចស៊ីស​ NX 200t ១គ្រឿង​ ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ​ 2BC-2228 បើកបរដោយនារីម្នាក់​ និងរួមដំណើរដោយបុរសជនជាតិចិនម្នាក់ទៀត ក្នុងរថយន្ត​ បានធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីលិចទៅកើត​ ក្នុងល្បឿនយ៉ាងលឿន ខណ:ពេលមកដល់ចំណុចកើតហេតុ​ ​ក៏រេចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ​ពេញទំហឹង​ បណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ​ និងក្បាលព្រួញរងការខូចខាតអស់មួយកង់​ តែសំណាងល្អមិនបង្កអោយមានមនុស្សរងរបួសនោះឡើយ​ ។

ក្រោយពេលកើតហេតុ​ សមត្ថកិច្ចបានចុះមកវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ​ ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី​ច្បាប់៕