ឃាត់ខ្លួនមនុស្ស២នាក់ ករណីលួចម៉ាស៊ីនបូមកំដៅ របស់មន្រ្តីក្រសួងសាធារណៈការ
ព័ត៌មាន
407

រាជធានីភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនជាក់ស្តែង ពាក់ព័ន្ធករណីលួចម៉ូទ័របូមកំដៅ របស់ប្រជាពលរដ្ឋ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ នៅចំណុចដីឡូតិ៍លក់គ្រឿងសំណង់ ផ្លូវបេតុង ក្រុមទី១៥ ភូមិ បឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលឃាត់ខ្លួនបាន ទី១/ឈ្មោះ អ៊ែល សុះហ្វីន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅផ្ទះលេខ ក្រុមទី៣ ភូមិខ២ សង្កាត់ច្រាំងចំរេះ២ មុខរបរមិនពិតប្រាក ជាមុខសញ្ញាចាស់ (មានសារធាតុញៀន) និងជនសង្ស័យទី២/ឈ្មោះ សេត រ៉ូហ្សិត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅផ្ទះលេខ ផ្លូវបេតុង ក្រុមទី៣ ភូមិខ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ មុខរបរកម្មករសំណង់(មានសារធាតុញៀន)។ 


ចំណែកជនរងគ្រោះមានឈ្មោះ ទូច ស្រីពៅ ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ២៧៧H ផ្លូវបេតុង ក្រុមទី១៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ មុខរបរមន្រ្តីក្រសួងសាធារណៈការ។

ក្នុងនោះដែរ សម្ភារៈដកហូតបានរួមមាន ៖ម៉ូទ័របូមកំដៅ មួយគ្រឿង, ម៉ូតូមួយគ្រឿងម៉ាកសេ១២៥ គ្មានស្លាកលេខ។

មុនពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូចេញពីផ្ទះ ពេលមកដល់កន្លែងកើតហេតុបានឈប់ម៉ូតូចូលទៅក្នុងដីឡូតិ៍ឃើញម៉ូទ័រ រួចលើកយកមិនរួចក៏ជិះម៉ូតូទៅហៅបក្ខពួកម្នាក់ទៀតមកជួយយក ពេលមកដល់កំពុងធ្វើសកម្មភាពលួចក៏ម្ចាស់មកទាន់បានស្រែកឆោឡោស្របពេលសមត្ថកិច្ចកំពុងល្បាតក៏ជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបានតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមច្បាប់បន្តទៀត៕