ចោរមុខស្រស់! សិស្សវិទ្យាល័យវត្តភ្នំម្នាក់ ឆ្លៀតពេលទំនេរពីសិក្សា ចេញឆក់ទូរសព្ទស្រ្តីជនជាតិចិនបានសម្រេច ជិះរត់គេចមិនរួចត្រូវប៉ូលិសក្របួចជាប់​
ព័ត៌មាន
3.94K

រាជធានីភ្នំពេញ៖ បុរសម្នាក់ជាជនជាតិបារាំងនឹងស្ត្រីម្នាក់ទៀតជាជនជាតិចិនកំពុងតែជិះម៉ូតូកង់បីចុចទូរស័ព្ទដៃសុខៗក៏ស្រាប់តែលេចមុខជនសង្ស័យវ័យក្មេងម្នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាក iPhone X​ MAX បានសម្រេចហើយត្រូវម៉ូតូកង់បីគៀរបណ្តាលអោយរងរបួសដួលត្រូវសមត្ថកិច្ចក្របួចជាប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧នឹង៣០នាទីយប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ២១៤កែងផ្លូវ១០៥ នៅ​ចំណុចផ្លូវភ្លោះអូរឬស្សី ស្ថិ​​តនៅក្នុងក្រុម៣១ ភូមិ៤ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ជ័យ វឌ្ឍនា ភេទប្រុស អាយុ១៩ឆ្នាំ មានមុខរបរជាសិស្សថ្នាក់ទី១១E នៅវិទ្យាល័យវត្តភ្នំ មានទីលំនៅផ្ទះគ្មានលេខផ្លូវលំ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។

ចំណែកឯជនរងគ្រោះមានឈ្មោះ ចាង ធីង ភេទស្រី អាយុ៣២ឆ្នាំ ស្នាក់នៅសណ្ឋាគារ ស៊ីមបូទិច ផ្លូវ១៣៤ សង្កាត់វាលវង់ ខណ្ឌ៧មករា។

តាមប្រភពព័ត៌មានពីជនរងគ្រោះ បានអោយដឹងថា មុនពេលកើតហេតុគាត់ជាមួយមិត្តភក្តិប្រុសរបស់គាត់ម្នាក់ទៀតជាជនជាតិបារាំង ទើបតែចុះមកពីលើយន្តហោះ រួចរូបគាត់ក៏ជិះម៉ូតូកង់បីទៅយកដើម្បីយកមកដាក់នៅសណ្ឋាគារ ប៉ុន្តែនៅតាមផ្លូវរូបគាត់ក៏ចុចទូរស័ព្ទដៃម៉ាកiPhone X MAX ខណៈដែលជិះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែលេចមុខជនសង្ស័យម្នាក់មានឈ្មោះដូចខាងលើនេះជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសុគីនិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ1HF-5775 បើកបរមកតាមបណ្តោយផ្លូវ២១៤ក្នុងទិសដៅពីកើតទៅលិច រួចអែបមកឆ្វេងដៃរួចធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេចហើយ ប៉ុន្តែសំណាងល្អភ្លាមៗនោះដែលក៏បានម៉ូតូរ៉ឺម៉កកង់បីគាត់គៀរប្រដួលម៉ូតូជនសង្ស័យរួចស្រែកឆោឡោថាចោរៗទើបបានសមត្ថកិច្ចប៉ុស្តិ៍បឹងព្រលឹតគាត់ចេញមកអន្តរាគមន៍ឃាត់ខ្លួនបានភ្លាមៗតែម្តង។

ក្រោយយកមកដល់ប៉ុស្តិ៍រួចក៏សមត្ថកិច្ចសួរនាំទៅជនសង្ស័យក៏បានឆ្លើយ សារភាពប្រាប់ថាខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់ជនជាតិចិនពិតមែន។

ក្រោយពេលកើតហេតុជនសង្ស័យខាងលើនេះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការដើម្បីចាត់ការទៅតាមនិតិវិធីផ្លូវច្បាប់៕