រន្ធត់ទៀតហើយ! រថយន្តឡិចស៊ីស ផ្តាច់ជីវិតបុរសម្នាក់ទាំងព្រឹក នៅតាមបណ្ដោយផ្លូវជាតិលេខ៥
ព័ត៌មាន
1.03K

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៧និង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ដរន្ធត់ រវាងរថយន្តឡិចស៊ីស និងម៉ូតូឌ្រីមសង់ តាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិភ្នំតូចខាងត្បូង ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ប្រភពបានឲ្យដឹងថា រថយន្តបង្កម៉ាកលុចស៊ីស ពណ៌ស ស៊េរីឆ្នាំ១៩៩៩ ពាក់ស្លាកលេខ ភ្នំពេញ 2AG-3303 ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ បានវ៉ាជែងរថយន្តធំមិនផុត ក៏ជ្រុលទៅបុកម៉ូតូមួយពេញទំហឹង បណ្ដាលឲ្យស្លាប់ និងរបួសធ្ងន់ម្នាក់មិនស្គាល់អត្តសញ្ញាណ អ្នកបើកបរ ក្រោយកើតហេតុរត់បាត់ស្រមោល។

ជនរងគ្រោះ ជិះម៉ូតូ ម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ លេខម៉ាស៊ីន ៥៣៦១០០០ គ្មានស្លាកលេខ ធ្វើដំណើរពីជើងទៅត្បូង បើកបរដោយឈ្មោះ រឿង មករា ភេទប្រុស អាយុ ២៤ឆ្នាំ (ស្លាប់) មានរស់នៅភូមិសំរោងស្នោ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង រួមដំណើរជាមួយឈ្មោះ លន់ ពេជ្រ ភេទប្រុស អាយុ ១៨ឆ្នាំ របួសធ្ងន់។

មូលហេតុ៖ រថយន្តឡើងជែងក្នុងស្ថានភាពគ្រោះថ្នាក់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែង យកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ចំណែក សពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ហើយជនរងគ្រោះ ត្រូវរថយន្តសាមុយដឹក ទៅសង្រ្គោះនៅពេទ្យកម្ពុជាជប៉ុនមង្គលបូរី៕