ស៊ូ យ៉ាទី របួសឆ្អឹងជំនីរយ៉ាងដំណំ ក្រោយ​លោតសង្គ្រោះបាល់ ក្នុងការប្រកួត​AFC ទល់និង TAMPINES ROVER

អ្នកចាំទីណាហ្គាវើលដ៍ ស៊ូ យ៉ាទី រងរបួសឆ្អឹងជំនីរខាងឆ្វេងយ៉ាងដំណំ ក្រោយរូបគេលោតសង្គ្រោះបាល់ក្នុងការប្រកួតវគ្គជម្រុះក្នុងពូល F ពានរង្វាន់ AFC Cup ទល់ក្លិបសិង្ហបុរី Tampines Rover ដោយបុកនិងបង្គោលទីនៅចុងការប្រកួតទៅហើយ។

«ពេលហ្នឹងខ្ញុំលោតទៅធ្លាក់មកវិញ បុកនឹងដែកចងសំណាញ់ទីនៅខាងក្រោម ចំឆ្អឹងជំនីរក្រោមទ្រូងខាងឆ្វេង។ ខ្ញុំបានឲ្យគ្រូពេទ្យពិនិត្យហើយ គាត់ថាអត់មានស្រាំ ឬបាក់បែកអីទេ ប៉ុន្តែរាងហើម និងឈឺដោយសារយើងបុកទៅគ្រាំ។ ខ្ញុំសោកស្ដាយដែលជួយក្រុមអត់បានដល់ចប់ការប្រកួត ហើយលទ្ធផលធ្វើឲ្យយើងខកបំណងម្ដងទៀត»។

​អតីតអ្នកចាំទីក្រសួងការពារជាតិ ភ្នំពេញក្រោន និងបឹងកេតខាងលើបន្ថែមថា អាការៈរបួសនៅឈឺតិចៗនៅឡើយ ហើយកំពុងទទួលការព្យាបាលដោយម៉ាស្សា និងប្រើ Ultrasound ដោយរំពឹងថា នឹងអាចត្រលប់ទៅសភាពធម្មតាវិញ ទាន់ជំនួប Metfone Cambodian League រវាងណាហ្គាវើលដ៍ និងសូលទីឡូអង្គរ នាថ្ងៃអាទិត្យខាងមុខនេះ។

​គួរជម្រាបជាថ្មីថា អ្នកចាំទី ស៊ូ យ៉ាទី បានរងរបួសឆ្អឹងជំនីរក្រោមទ្រូងខាងស្ដាំ ក្រោយលោតសង្គ្រោះបាល់ហើយធ្លាក់មកបុកដែកចងសំណាញ់បង្គោលទី ក្នុងបរាជ័យ ៤-២ របស់ណាហ្គាវើលដ៍ ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ Tampines Rovers កាលពីយប់ថ្ងៃទី១៧ មេសាកន្លងទៅ៕

ប្រភព​៖ CNCC