ឃាត់ខ្លួនអធិការរងខណ្ឌដង្កោ២នាក់ និងប៉ូលិស​ចរាចរណ៍ម្នាក់ រឿងប្រើហិង្សាលើមន្ត្រី ACU
ព័ត៌មាន
3.91K

ភ្នំពេញ៖ អធិការរងនគរបាលខណ្ឌដង្កោ២រូប និងមន្ត្រីនគរបាលចរាចរណ៍​ម្នាក់ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅការិយាល័យ​នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយកើតមានអំពើហិង្សាលើមន្ត្រីជាប់កិច្ចសន្យានៃអង្គភាពប្រឆាំងអំពើពុករលួយម្នាក់ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍​តូចតាចមួយនៅពីក្រោយក្បួនរថយន្តរបស់ថ្នាក់ដឹកនាំ។

នគរបាលព្រហ្មទណ្ឌ បានព្រលយអោយដឹងថា អធិការរងនគរបាលខណ្ឌដង្កោទាំង២នាក់ និងមន្ត្រីនគរបាលចរាចរណ៍ខណ្ឌ ដែលពាក់ព័ន្ធបទល្មើសហិង្សានោះ ត្រូវបានហៅអោយចូលមកការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់តាំងពីថ្ងៃទី១៤ មេសា ឆ្នាំ២០១៩មកម្ល៉េះ ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់មានការសម្រេចពីលោកស្នងការនគរបាលក្រុងទេ។

ក្រុមមន្ត្រីដែលត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននោះ ទី១ លោកវរសេនីយ៍ទោ នាក់ ណារ៉ូ អធិការរងទទួលការងារចរាចរណ៍ខណ្ឌដង្កោ ។ ទី២.លោក វរសេនីយ៍ត្រី ជុំ រដ្ឋា អធិការរងទទួលការងារសណ្ដាប់ធ្នាប់។ ទី៣. លោក អនុសេនីយ៍ទោ ម៉េ ត រតនា មន្ដ្រីនគរបាលចរាចរណ៍ខណ្ឌដង្កោ ។

មន្ត្រីនគរបាលខណ្ឌដង្កោទាំង៣នាក់ បានព្រួតគ្នាប្រើអំពើហិង្សាលើមន្ត្រីជាប់កិច្ចសន្យា នៃអង្គភាពប្រឆាំងអំពើពុករលួយ ACU បណា្តលឲ្យរងរបួសនៅក្នុងវត្តព្រែកថ្លឹង ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ កាលពីយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ ដោយសារតែរឿងយល់ច្រឡំក្នុងរឿងគ្រោះថ្នាក់ចរាចរណ៍តូចតាចមួយ។

ជនរងគ្រោះឈ្មោះ ឃឹម ខុម ភេទប្រុស អាយុ៦៤ឆ្នាំ រស់នៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ជាមន្ត្រីជាប់កិច្ចសន្យា នៃអង្គភាពប្រឆាំងអំពើពុករលួយ។

សកម្មភាពនៃអំពើហិង្សា ត្រូវបានប្រជាពលរដ្ឋរិះគន់យ៉ាងខ្លាំងចំពោះទង្វើរបស់ប៉ូលិសខណ្ឌដង្កោ ព្រោះខ្លួនជាអ្នកអនុវត្តច្បាប់ បែរជាប្រព្រឹត្តអំពើបំពានច្បាប់ ហើយត្រូវបានគេបង្ហោះឃ្លីបវីដេរអូ នៅលើបណ្ដាណសង្គមថែមទៀតផង។

ទាក់ទងករណីនេះ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ថ្លែងប្រាប់សារព័ត៌មាន ថា នឹងត្រួតពិនិត្យលើករណីនេះ ហើយបើមានពិតប្រាកដមែន នឹងដាក់វិន័យនគរបាល ឬចាត់វិធានការតាមច្បាប់។

នៅក្នុងពាក្យបណ្ដឹងរបស់លោក ឃឹម ខុម ដែលបានដាក់ទៅលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ គឺបានប្ដឹងមន្ត្រីនគរបាលជាអធិការរងនគរបាលខណ្ឌដង្កោ និងមន្ត្រីនគរបាលប៉ុស្តិ៍ដង្កោចំនួន៤រូប ពីបទប្រើអំពើហិង្សាកាលពីយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ នៅវត្តព្រែកថ្លឹងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះបានឲ្យដឹងដែរថា នៅយប់ថ្ងៃកើតហេតុ ខណៈលោកកំពុងបើករថយន្តម៉ាក Prius តាមផ្លូវ៥០ម៉ែត្រ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក Prius បើកមកកៀររថយន្តលោកនាំឲ្យមានការខូចខាត ប៉ុន្តែលោកមិនបានតាមរថយន្តនោះទេ ដោយបើកលឿនពេក។ ភ្លាមៗនោះស្រាប់តែមាននគរបាលមួយក្រុមខាងលើ មានទាំងរថយន្ត និងម៉ូតូផងប្រហែល៦គ្រឿង បានបើកដេញពីក្រោយរហូតតាមរថយន្តលោកទាន់នៅក្នុងវត្តព្រែកថ្លឹងរហូតប្រើហិង្សាយ៉ាងដំណំ មិនសួររកហេតុផល បើទោះជាគាត់បានសុំអង្វរ និងសុំឲ្យសួរនាំរកខុសត្រូវសិនក៏ដោយ ។

ក្នុងពាក្យបណ្ដឹងជនរងគ្រោះបានទាមទារសំណងពីក្រុមអ្នកប្រព្រឹត្តចំនួន៥ម៉ីនដុល្លារអាមេរិក ៕