​សហព័ន្ធកីឡាបាល់ទាត់វៀតណាម ប្រកាស​​នឹងប្រើប្រាស់​VAR​ជាផ្លូវការ នៅ​ខែមិថុនាខាងមុខនេះ

សហព័ន្ធកីឡាបាល់ទាត់វៀតណាម បានសម្រេចប្រកាសជាផ្លូវការនឹងនាំមកនូវបច្ចេកវិទ្យាទំនើបទាន់សម័យនោះគឺ ប្រព័ន្ធជំនួយការអាជ្ញាកណ្តាលអេឡិចត្រូនិច VAR សម្រេចឲ្យប្រើប្រាស់នៅក្នុងការប្រកួតលីគកំពូលវៀតណាម ចាប់ពីជើងទី២ រដូវកាលនេះតទៅ​ ពោលគឺអំឡុងខែមិថុនាខាងមុខនេះ។

បើតាមប្រភពពី vnexpress បានឲ្យដឹងថា សហព័ន្ធកីឡាបាល់ទាត់វៀតណាម បានសម្រេចចិត្តទិញឡាន និងសម្ភារៈរៀបចំប្រព័ន្ធ VAR នេះដាក់តាមកីឡដ្ឋាននីមួយៗ រៀងរាល់ការប្រកួតលីគកំពូលវៀតណាម។ ហើយក្នុងនោះផងដែរ ក្នុងឡានរៀបចំប្រព័ន្ធ VAR មួយគ្រឿងអាចចំណាយប្រមាណ ៦ពាន់លានដុង ឬស្មើរនឹង ២៥.៨ម៉ឺន​ដុល្លារ។

វៀតណាម ក្លាយជាប្រទេសទី២ នៅតំបន់អាស៊ីអាគ្នេយ៍ដែលប្រើប្រាស់នូវប្រព័ន្ធទំនើបមួយនេះក្នុងការប្រកួតបាល់ទាត់ថ្នាក់ជាតិរបស់ខ្លួន បន្ទាប់ពីប្រទេសថៃ ដែលបានប្រើប្រាស់ VAR នេះមុនដំបូងគេ៕