រន្ធត់ណាស់! ពលករមកពីប្រទេសកូរ៉េ ២នាក់ប្តីប្រពន្ធ ត្រូវរថយន្តបុកស្លាប់ទាំង២នាក់ សល់តែស្លាកលេខដែលជ្រុះ (បន្ទាយមានជ័យ 2B-9977) ...
ព័ត៌មាន
1.24K

កំពង់ធំ៖ ២នាក់ប្តីប្រពន្ធបានស្លាប់បាត់បង់ជីវិតយ៉ាងរន្ធត់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងរថយន្ត ទាំងដែលអ្នកទាំង២ជាពលករ ទើបតែមកពីប្រទេសកូរ៉េ​ ត្រឡប់មកលេងស្រុកកំណើត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៧១ ភូមិបល្ល័ង្ក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ទាំង២នាក់ ប្តីមានឈ្មោះ សុន សំបាន អាយុ៥៦ឆ្នាំ និងប្រពន្ធមានឈ្មោះ នាង.ខី អាយុ៥៨ឆ្នាំ ទាំង២នាក់ជាពលករមកពីធ្វើការនៅប្រទេសកូរ៉េ ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1BI-7015 ពីជើងទៅត្បូងជែងក្នុងស្ថានភាពគ្រោះថ្នាក់ លុះមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយរថយន្តម៉ាកឡិចស៊ីស Rx300 ពណ៌ទឹកមាស ស្លាកលេខ បន្ទាយមានជ័យ 2B-9977 ដែលកំពុងបើកពីត្បូងទៅជើង ពេញទំហឹង បណ្តាលឲ្យស្លាប់ទាំង២នាក់ ចំណែករថយន្តបានបើកគេចខ្លួនបាត់ សល់តែស្លាកលេខ ជ្រុះជាប់ជាមួយម៉ូតូជនរងគ្រោះតែប៉ុណ្ណោះ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង យកម៉ូតូនិងស្លាកលេខរថយន្តដែលជ្រុះនោះទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សាកសពជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕