រថយន្តឡិចស៊ីស RX400 បោះពួយល្បឿនលឿនជ្រុលបុកប៉ះម៉ូតូឌ្រីមសេ១២៥ បណ្តាលឲ្យយុវជនម្នាក់របួសបាក់ជើងឆ្វេង
ព័ត៌មាន
907

ស្រុកព្រៃនប់៖ យុវជនសិស្សសាលាម្នាក់បានរងរបួសត្រូវចំជើងធ្ងនធ្ងរ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចររវាង រថយន្តឡិចស៊ីស RX400 មួយគ្រឿង បានបើកបុកប៉ះជាមួយនិងម៉ូតូ ឌ្រីមសេ១២៥ ពេញទំហឹង កាលពីវេម៉ោង៦និង២០នាទីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ១៦០.១៦១ស្ថិតក្នុងភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តឡិចស៊ីស RX400 ពណ៌ស ពាក់ផ្លាកលេខ ន.ប -3677 បើកបរដោយឈ្មោះអេង ចាន់តារា ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅ ផ្ទះលេខ៥៣ សង្កាត់កាកាប ខណ្ឌ័ពោសែនជ័យ រាជធានីភ្នំពេញ ក្នុងទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ បានបុកប៉ះជាមួយម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 1H-3134 បើកបរដោយឈ្មោះចំណាន ឧត្តមមុតទី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលអោយអ្នកបើកម៉ូតូរបួសធ្ងន់ បាក់ជើងឆ្វេង ហើយភ្លាមៗនោះត្រូវបានសាច់ញាតិ្តដឹកបញ្ជូនទៅមន្ទីរពេទ្យឯកជនវាលរេញដើម្បីសង្គ្រោះបន្ទាន់ ។

ក្រោយកើតហេតុរថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការខណ្ឌ ដើម្បីរងចាំការដោះស្រាយគ្នានៅពេលក្រោយ ៕