សុទ្ឋតែនៅក្មេងៗ! ក្នុងរដូវចូលឆ្នាំមុខសញ្ញាឆ្លៀតឳកាសចេញធ្វើសកម្មភាពឆក់១៤លើក វាយប្លន់១លើក ត្រូវសមត្ថកិច្ចខណ្ឌឬស្សីកែវក្របួចបាន៤នាក់ហើយ
ព័ត៌មាន
1.41K

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ៤នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ករណីមានស្ថានទម្ងន់ទោស (គំរាមវាយយកម៉ូតូ) កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១នឹង៣០នាទីអាធ្រាត្រ នៅចំណុចផ្លូវបេតុង ក្រុមទី១ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១។

លោកវរសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថាជនសង្ស័យទាំង៤នាក់រួមមានទី១-ឈ្មោះចាន់ សម្ភស្ស ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន), ទី២-ឈ្មោះគ្រឿន ធារ៉ូត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ (មានសារធាតុញៀន), ទី៣-ឈ្មោះសៅ មករា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិ២ សង្កាត់ជ្រោយចង្វារ (មានសារធាតុញៀន) និងទី៤-ឈ្មោះម៉ាត់ ម៉ានស៊ូត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិ២ សង្កាត់ជ្រោយចង្វារ (មានសារធាតុញៀន)។

ដកហូតសម្ភារៈរួមមានៈម៉ូតូC125 ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ 1HF-1348 ភពលេខតួ+ម៉ាស៊ីន125ME53332H បានប្រគល់ជូនជនរងគ្រោះវិញ, ទូរស័ព្ទ១គ្រឿងម៉ាកអាយហ្វូនពណ៌ស។

លោកអធិការបន្តថា មុនពេលកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូម្នាក់ឯងតាមបណ្តោយផ្លូវ៧០ ពីកើតទៅលិចពេលជិះដល់កន្លែងកើហេតុ ខាងលើក៏មានជនសង្ស័យចំនួន៥នាក់ជិះម៉ូតូC125ចំនួន៣គ្រឿងបានកៀម៉ូតូជនរងគ្រោះឲ្យឈប់រួចបានធ្វើសកម្មភាពវាយជនរងគ្រោះដោយដៃព្រមទាំងគំរាមឲ្យជនរងគ្រោះថយចេញពីម៉ូតូព្រមទាំងប្រគល់សោរម៉ូតូឲ្យពួកវាបន្ទាប់មកជនសង្ស័យបានយកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនបាត់ទៅលុះព្រឹកឡើងម៉ោង៧ព្រឹកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលទួលសង្កែទី១ បន្ទាប់ពីបានទទួលពាក្យបណ្តឹងកម្លាំងជំនាញសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍បានបើកការស្រាវជ្រាវឈានទៅឃាត់ជនសង្ស័យចំនួន៤នាក់ នៅចំណុចផ្ទះសំណាក់ មហាលាភ ផ្លូវ២៧៣ ក្រុម១ សង្កាត់ទួលសង្កែទី១។ ព្រមទាំងបានសហការជាមួយប៉ុស្តិ៍ជ្រោយចង្វារដកបានម៉ូតូជនរងគ្រោះមកវិញ។

លោកវរសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា យោងតាមសាកសួរយកចម្លើយករណីវាយយកម៉ូតូC125 របស់ជនរងគ្រោះកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ដែលកម្លាំងអធិការដ្ឋានបង្ក្រាបជាក់ស្តែងជនសង្ស័យមានចំនួន៤នាក់នោះបានសារភាពថាពួកខ្លួនធ្លាប់បានធ្វើសកម្មភាពឆក់ចំនួន១៤លើក នៅក្នុងរាជធានីភ្នំពេញក្នុងថ្ងៃមិនចាំខែ៣ ឆ្នាំ២០១៩។

-លើកទី១ នៅកោះពេជ្រកន្លែងស្ពាននាគឆក់ទូរស័ព្ទ(ជនបរទេស)

-លើកទី២ នៅមុខវត្តឧណ្ណាលមឆក់ទូរស័ព្ទ(ជនបរទេស)

-លើកទី៣-ផ្លូវសហព័ន្ធរុស្ស៊ីមុខគណរដ្ឋមន្ត្រី ឆក់ទូរស័ព្ទ(ជនបរទេស)

-លើកទី៤ ទី៥ នៅម្តុំផ្សារកណ្តាល ឆក់ទូរស័ព្ទ (ជនបរទេស)

-នៅសល់ប៉ុន្មានកន្លែងទៀតជនសង្ស័យពុំចាំទីកន្លែងពេលវេលាទេព្រោះឆក់ច្រើនពេក។ ពេលធ្វើសកម្មភាពឆក់បានហើយជនសង្ស័យយកទៅលក់នៅផ្សារទួលគោកមនុស្សប្រុសម្នាក់អត់ស្គាល់ឈ្មោះ។

ជនសង្ស័យទាំង៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ៕