សាហាវណាស់! នៅពេលនេះសមត្ថកិច្ចកំពុងតែស្រាវជ្រាវរកមូលហេតុលើបុរសម្នាក់ ត្រូវជនល្មើសបាញ់ប្រហារពីក្រោមផ្ទះឡើងទៅលើចំនួន២គ្រាប់ត្រូវចំត្រង់ពោះស្លាប់ភ្លាមៗនៅលើផ្ទះដោយមិនដឹងមូលហេតុ
ព័ត៌មាន
4.56K

មណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩នេះ ត្រូវនឹងថ្ងៃបុណ្យប្រពៃណីយ៍ចូលឆ្នាំខ្មែរថ្ងៃទី២ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានដឹកនាំកម្លាំងសមត្ថកិច្ចចុះស្រាវជ្រាវ ករណីអំពើឃាតកម្មដ៏ឃោរឃៅព្រៃផ្សៃមួយ ដោយជនល្មើសបានបាញ់ប្រហារ ទៅលើជនរងគ្រោះម្នាក់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅលើផ្ទះខ្លួន។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៨និង៥០នាទីយប់ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ នៅចំណុចរយ៉ង ភូមិក្មូម ឃុំស្រែឈូក ស្រុកកែវសីមា ខេត្ដមណ្ឌលគីរី។

បើយោងរបាយការណ៍នាយប៉ុស្តិ៍ស្រែឈូក បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ម្យុច ផុស អាយុ៣៩ឆ្នាំ ជនជាតិភ្នង មុខរបរកសិករ មានប្រពន្ធឈ្មោះ ស្រោញ ចែវ មានកូនចំនួន៧នាក់ ស្រី៦នាក់ មានទីលំនៅកន្លែងកើតហេតុខាងលើ។

ប្រភពបានបន្តទៀតថា៖ មុនពេលកើតហេតុ ជនរងគ្រោះបានត្រឡប់មកពីព្រៃវិញ ជាធម្មតាដូចសព្វដង បន្ទាប់មកជនរងគ្រោះ បានទៅចូលរួមកម្មវិធីសែនព្រេនបុណ្យចូលឆ្នាំថ្មី រួចបានផឹកស្រាបៀរអស់៣កំប៉ុង ជាមួយអ្នកភូមិរួចត្រឡប់មកផ្ទះវិញ ហើយបានដេកមើល ទូរស័ព្ទជាមួយកូន រំពិចនោះស្រាប់តែមានជនមិនស្គាល់មុខ មកបាញ់ពីក្រោមផ្ទះត្រូវចំ ពោះចំនួន២គ្រាប់ បណ្តាលឲ្យជនរងគ្រោះបានស្លាប់ភ្លាមៗនៅលើផ្ទះតែម្តង។

ចំពោះករណីនេះ រហូតមកដល់ពេលនេះ ពុំទាន់មានសេចក្តីរាយការណ៍ពីសមត្ថកិច្ចថា ករណីឃាតកម្មនេះ ផ្តើមចេញពីរឿងអ្វីឲ្យពិតប្រាកដនោះទេ តែពលរដ្ឋបង្ហើបប្រាប់ពីសមត្ថិច្ចនិយាយថា ជនសង្ស័យក្នុងអំពើឃាតកម្មនេះ សមត្ថកិច្ចមានតម្រុយខ្លះៗហើយ៕