រថយន្តបុកម៉ូតូ​ពេញទំហឹង​ បណ្តាលឲ្យបុរសម្នាក់​ស្លាប់ភ្លាមៗមួយរំពេច​..
ព័ត៌មាន
1.13K

រាជធានីភ្នំពេញ​ ៖​ បុរសម្នាក់បាន​ស្លាប់ភ្លាមៗមួយរំពេច​នឹងនៅកន្លែង​ ខណៈពេលកំពុងជិះម៉ូតូ​សង់ឌ្រីម​តែម្នាក់ឯង ត្រូវរថយន្ត CAMRY Hybrid មួយគ្រឿង​ បើកបុកពេញទំហឹង​ ខ្ទាតផ្លោងបោកក្បាលនឹងថ្នល់ នៅចំណុចផ្លូវបំបែកជាបួន​ តាមបណ្តោយផ្លូវលេខ១០៥​ កែងផ្លូវលេខ៣៦០ ស្ថិតនៅក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ នាវេលាម៉ោង១២និង៥០នាទី រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី១៣​ ខែមេសា​ ឆ្នាំ២០១៩​ នេះ ។

ជនរងគ្រោះមានឈ្មោះថា​ ​៖​ សួន​ សុភក្រ​ ភេទប្រុស​ អាយុ២៧ឆ្នាំ​ មុខរបរសន្តិសុខនៅក្រសួងសាធារណ:​ការ មានស្រុកកំណើតនៅខេត្តបាត់ដំបង​ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ ៖​ មុនពេលកើតហេតុ​ គេបានឃើញ​ បុរសរងគ្រោះ​ ជិះម៉ូតូ​មួយគ្រឿងម៉ាក​ ហុងដាឌ្រីមសេ១២៥​ ពណ៍ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ 1GZ-3990 តែម្នាក់ឯង​ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១០៥​ ក្នុងទិសដៅពីត្បូងទៅជើង​ ក្នុងល្បឿនលឿន ខណ:ពេលមកដល់ចំណុចកើតហេតុ​ ក៏ត្រូវរថយន្តម៉ាក​ CAMRY Hybrid មួយគ្រឿង​ ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ​ 2N-1988 បើកបរដោយបុរសម្នាក់​ តាមបណ្តោយផ្លូវលេខ៣៦០​ ក្នុងទិសដៅពីលិចទៅកើតយ៉ាងពេញទំហឹង​ បណ្តាលអោយជនរងគ្រោះ​ ខ្ទាតផ្លោងបោកក្បាលនឹងថ្នល់​ ស្លាប់បាត់បង់ជីវិតភ្លាមៗនឹងនៅកន្លែង។​ ចំណែករថយន្ត​បានបើកគេចចេញពីកន្លែងកើតហេតុ​ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលយប់​ រហូតមួយសន្ទុះក្រោយ​ ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចថា អ្នកបើកបរបានយករថយន្តទៅប្លុងទុកចោលលើចិញ្ចើមផ្លូវក្រោមដើមឈើមួយកន្លែង នៅខាងជើងX2 ភ្លាមៗនោះ​ សមត្ថកិច្ចក៏ចុះទៅឃាត់សមត្ថកិច្ច​ នឹងហៅជំនាញមកវាស់វែង​ ។

ក្រោយពេលកើតហេតុ​ សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍បានចុះមកដល់​ ធ្វើកំណត់ហេតុនឹងវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុក​។ ចំណែកសពសមត្ថកិច្ចប្រគល់ឲ្យ​ ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕