អត់លុយចាយចូលឆ្នាំ! ក្រុមចោរជំនាញខាងឆក់បានសម្រេច៧ដង លើកទី៨លួចកាច់.កម៉ូតូម្តង ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ
ព័ត៌មាន
996

ភ្នំពេញ​៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពបម្រុងនឹងលួចកាច់.កម៉ូតូមិនបានសម្រេច ត្រូវបានសមត្ថកិច្ចតាមទាន់ឃាត់ខ្លួន​នាំយកមកប៉ុស្តិ៍នគរបាលបឹងកក់ទី២​តែម្តង។​

ករណី​​នេះកើតឡើងនៅវេលាម៉ោង៤រំលងអធ្រាត្រឈានចូលថ្ងៃទី១​៣ ខែមេសា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ៥៩៨ ស្ថិតនៅក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលម្នាក់បានទុកម៉ូតូឌ្រីម សេ125 ចោលនៅមុខផ្ទះរួចក៏ប្រទះឃើញជនសង្ស័យ២នាក់ដែលជិះម៉ូតូម៉ាក suzuki let​ ដែលពាក់ស្លាកលេខ ភ្នំពេញ​1FH-9875 បម្រុងនឹងធ្វើសកម្មភាពលួចតែត្រូវសមត្ថកិច្ចទាន់ក៏បានចាប់បញ្ជូនមកប៉ុស្តិ៍។

ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកដែលធ្វើសកម្មភាពរាល់ដងមានឈ្មោះថា ចាន់ សំណាង

មានអាយុ១៩ឆ្នាំ ស្នាក់នៅម្ដុំវត្តនាគក្រវ័ន្ត មុខរបរជា ជាងសំណង់ បានសារភាពថាខ្លួនបានធ្វើសកម្មភាពឆក់ប្រជាពលរដ្ឋតាមដងផ្លូវចំនួន៧ដងនៅក្នុងខណ្ឌចំការមន ក្រោយធ្វើសកម្មភាពឆក់រួចជនសង្ស័យបានយកទូរសព្ទដែលឆក់បានយកទៅលក់នៅម្ដុំផ្សារ៧មករានិងផ្សារសាមគ្គីជារៀងរាល់ដង។

ចំណែកឯជនសង្ស័យម្នាក់ទៀតមានឈ្មោះថា ទុំ ម៉ាមាន អាយុ២៩ឆ្នាំ ស្នាក់នៅជាមួយគ្នាជាអ្នកបើកម៉ូតូឲ្យឈ្មោះ ចាន់ សំណាង ដែលធ្វើសកម្មភាពឆក់ជារៀងរាល់ដងនៅម្ដុំកោះពេជ្រ។

ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលបឹងកក់២​ បានធ្វើកំណត់ហេតុបញ្ជូនជនសង្ស័យ២នាក់ទៅអធិការខណ្ឌទួលគោក ដើម្បីធ្វើកំណត់ហេតុនិងចាត់ចែងតាមនីតិវិធីច្បាប់៕